ប្រវត្តិសាស្ត្រ

បុរេប្រវត្តិខ្មែរ                   
គឺជាសម័យកាលដ៏យូរលង់ណាស់មកហើយដែលពេលនោះមនុស្សពុំទាន់ចេះបង្កើតតួអក្សរសម្រាប់កត់ត្រាហេតុការណ៍
អ្វីឡើយ។ ដើម្បីសិក្សាអំពីបុរេប្រវត្តិខ្មែរ​ យើងក៏ត្រូវសិក្សាអំពីទឹកដីខ្មែរដែរ។        
នៅភូមិភាគអាស៊ីអាគ្នេយ៍កាលពីមុនធ្លាប់មានពំនើងផ្នត់កាឡេដូយាង រឺ កាឡេដុង (Plissement calédonien) និង ពំនើងផ្នត់អែរស៊ីនញាង (Plissement hercynienne) ដែលធ្វើឲ្យផុសឡើងនៅខ្ពង់រាប និង ជួរភ្នំនានា​ពាស​ពេញ​ប្រទេសខ្មែរសព្វថ្ងៃនេះ។ បន្ទាប់មកក៏បានលិចទៅវិញដោយទឹកសមុទ្រនៅស័កទី៣។ នៅស័កទី៤ដីក៏ផុស​ចាប់​ពី​ភូមិភាគហេមពាន្តរហូតដល់អាស៊ីអាគ្នេយ៍ទាំងមូល។ ដីខ្មែរក៏ដុះឡើងពី ៧០០ ទៅ ៨៨០ មាត្រ។ ក្នុងស័កទី៤ មាន​លំនាចនិងជំនោរទឹកសមុទ្រ ដែលជាមូលហេតុធ្វើឲ្យដីលិចហើយផុសឡើងវិញសាជាថ្មីម្ដងទៀត។ នៅចន្លោះពី ៦០០០០០ ដល់ ៥០០០ ឆ្នាំ មុ.គ. ទឹកសមុទ្របាននាចថយទៅពី ១៣០ ដល់ ១៨០ មាត្រ (បើប្រៀបទៅនឹង​កំពស់​ទឹកសមុទ្រសព្វថ្ងៃនេះ)។ អ្នកភូគព្ភវិទូខ្លះបានយល់ថា កាលណោះគ្មានសមុទ្រខណ្ឌភូមិភាគឥណ្ឌូចិន និង ប្រជុំកោះ​ទ្វីបឥណ្ឌា​ (Insulinde) ស្ថិតនៅជាប់គ្នារហូតគ្មានសមុទ្រខណ្ឌដូចយើងសព្វថ្ងៃនេះទេ។ នៅប្រមាណ ១៥០០០ ឆ្នាំមុ.គ. ទឹកសមុទ្រជោរបានកំពស់ ១៥ មាត្រ ដែលបណ្ដាលឲ្យទឹកដីកម្ពុជាក្រោម និងវាលទំនាបប្រទេសខ្មែ​របានលិច​ទៅក្នុង​ទឹកវិញ។ នៅសតវត្សទី៣ មុ.គ. ទឹកសមុទ្របាននាចទៅវិញបន្តិចៗម្ដង។ ឯពេលនោះ ទន្លេមេគង្គបាននាំដីល្បាប់​មក​​ចាក់​បំពេញបន្តិចៗម្ដង ក្លាយជាដីសណ្ដបន្តដេញតាមទឹកសមុទ្រស្រក។ គេអាចដឹងព្រឹត្ដិការណ៍ផ្សេងៗ​ក្នុងសម័យបុរេប្រវត្ដិតាមការសិក្សាលើគ្រោងឆ្អឹងមនុស្ស ប្រដាប់ប្រដា សំភារៈ កំទេចសំណល់គ្រប់បែបយ៉ាង ដែលមនុស្សជំនាន់មុនបានបន្សល់ទុក។ នៅប្រទេសកម្ពុជាយើង មានស្ថានីយ៍បុរេប្រវត្ដិសំខាន់ៗដូចជា៖ -ស្ថានីយ៍​បុរេប្រវត្ដិសំរោងសែន និង អន្លង់ផ្តៅ (កំពង់ឆ្នាំង) -ស្ថានីយ៍បុរេប្រវត្ដិម្លូព្រៃ (ព្រះវិហារ) -ស្ថានីយ៍បុរេប្រវត្ដិល្អាងស្ពា(បាត់ដំបង) នៅក្នុងស្ថានីយ៍បុរេប្រវត្ដិទាំងប៉ុន្មាននេះ គេបានជីកកាយដីរក​ឃើញប្រដាប់ប្រើ​ប្រាស់របស់មនុស្ស​ជំនាន់​មុនដូចជា៖ ពូថៅ ញញួរ ពន្លាកធ្វើពីថ្ម ផ្លែព្រួញ ផ្លែសន្ទូច ច្បូក ផ្លែកណ្ដៀវ ធ្វើពីឆ្អឹងសត្វ ក្អម ឆ្នាំង ចាន ធ្វើពីដីដុត។ ក្រៅពីនេះ គេនៅឃើញមានត្រល់សម្រាប់ត្បាញសំពត់ឧបករណ៍ដែលធ្វើពីលង្ហិនពុំសូវសំបូរទេ។ ការរស់នៅរបស់មនុស្សនាសម័យបុរេប្រវត្ដិ ដោយសារឧបករណ៍ប្រើប្រាស់ ដែលបានរកឃើញ​នៅតាមស្ថានីយ៍​បុរេប្រវត្ដិ គេអាចសន្និដ្ឋានថា នៅលើទឹកដីកម្ពុជាយើង មានមនុស្សរស់នៅជាយូរលង់ណាស់មកហើយ គឺតាំង​ពីសម័យយុគថ្មរំលីងម៉្លេះ ពោលគឺតាំងពីសម័យដែលមនុស្សពុំទាន់ស្គាល់លោហធាតុ ហើយយកថ្ម​មករំលីង​ធ្វើ​ជា​ឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ។ មនុស្សជំនាន់នោះរស់នៅជាក្រុមៗដើម្បីទប់ទល់នឹងសត្វសាហាវ ហើយគេចេះសង់លំ​នៅដ្ឋានជាខ្ទមខ្ពស់ផុតពីដី។ គេចេះត្បាញសំពត់បិទបាំងរាងកាយ។ គេចេះរកស៊ីដោយ បរបាញ់ និង នេសាទ។ តែការដាំដំណាំ និង ចិញ្ចឹមសត្វគឺតិចតួច ណាស់។ រីឯប្រពៃណី គេពុំមានសាសនាជំនឿអាទិទេពណាមួយទេ។ គេជឿថា ខ្មោចលង ហើយជឿលើអ្នកតា។ កាលណាមានមនុស្សស្លាប់ គេយកសពនោះទៅកប់ដោយដាក់​ជាមួយនូវ​ប្រដាប់ប្រដាប្រើប្រាស់ និង គ្រឿងអលង្ការ។ 
សម័យភ្វូណាន
នគរវ្នំ (ខ្មែរទំនើប: នគរភ្នំ; ថៃฟูนาน; ចិន扶南; ភិងអ៊ិង: Fúnán; ទំព័រគំរូ:វៀតណាម -Phù Nam) ជាឈ្មោះដែលជនជាតិខ្មែរហៅឈ្មោះប្រទេសរបស់ខ្លួន។ ចិន អាន​ត្រាប់​តាមសូរ​ខ្មែរ​ក្លាយ​ជា​ភ្វូណាន ឬ ហ្វូណន។ នគរវ្នំមានទឹកដីលាតសន្ធឹងពីបឹងទន្លេសាបរហូតដល់ពាមទន្លេមេគង្គ ដែល​ជាប់ទៅនឹងសមុទ្រ។ រាជធានីវ្យាធបុររបស់នគរវ្នំ កាលនោះប្រហែលស្ថិតនៅបាភ្នំ ខេត្តព្រៃវែង​សព្វ​ថ្ងៃ។​ ភ្វូណាន 扶南 ឬ ហ្វូណន គឺជាឈ្មោះជាភាសាចិននៃនគរបុរាណ​មួយដែល​ស្ថិតនៅ​តំបន់ដីសណ្ដ​ទន្លេមេគង្គ។ ការកំណត់ឈ្មោះនេះត្រូវបានគេរកឃើញ នៅក្នុងអត្ថបទប្រវត្តិសាស្ត្រ​ចិនជាច្រើនដែល​ពិពណ៌នា​ពីរដ្ឋនេះ បើតាមចិនបុរាណអានថា ប៊ីយូណាម ដែលជាពាក្យ​គ្មានន័យអ្វី​ឲ្យប្រាកដ​ក្នុង​ភា​សាចិនទេ។
នគរដែលគេស្គាល់ដំបូងគេបង្អស់ក្នុងតំបន់នេះ គឺនគរវ្នំដែលបានរុងរឿងរីកចម្រើន ប្រហែល​ចាប់ពីសតវត្សទីមួយរហូតដល់សតវត្សទី៦។ នគរនេះត្រូវបានស្នងបន្ត​ដោយចេនឡាដែល​បានគ្រប់​គ្រងប៉ែកដ៏ធំនៃ កម្ពុជា វៀតណាម លាវ និង ថៃ សម័យទំនើបនេះ។
អាណាចក្រវ្នំបានចម្រើនកេរ្តិ៍ឈ្មោះល្បី ចេញពីទីក្រុងកំណើតដ៏ស្ដុកស្ដម្ភ និងប្រកបដោយឥទ្ធិពល​នៅ​អូរកែវ (វៀតណាមសម័យឥឡូវនេះ) ដែលបានគេស្គាល់នៅចក្រភពរ៉ូមថាជាខត្តិករៈ មាន​ន័យថាទីក្រុងដ៏ល្បីល្បាញ។ ទំនាក់ទំនងជាមួយចក្រភពរ៉ូមដ៏ឆ្ងាយត្រូវបានបង្ហាញឱ្យឃើញ ជាក់​ស្ដែងតាមរយៈ កាក់របស់ចក្រភពរ៉ូមដ៏ច្រើនត្រូវ​បានគេរកឃើញនៅស្ថានីយ៍បុរាណ​វត្ថុដែលចុះកាល​បរិច្ឆេទពីសតវត្សទី២ និង ទី៣។[៦] យ៉ាងណាក៏ដោយការដោះដូរពាណិជ្ជកម្មក្រៅប្រទេសភាគច្រើន របស់អាណាចក្រវ្នំគឺត្រូវបន្តកាន់តែជិតស្និទ រហូតទៅដល់ស្រុកឥណ្ឌា ជាពិសេសតំបន់​បេងកាល់ឥណ្ឌា​។ ​ការដោះដូរពាណិជ្ជកម្មជាមួយឥណ្ឌាបានផ្ដើមល្អមុនឆ្នាំ ៥០០ មគ. (ពីមុនការប្រើប្រាស់ជាសកលនៃ​ភាសា​សំស្ក្រឹត​ដែលជាភាសាមួយក្នុងប្រទេសឥណ្ឌា)។[៧] រួមជាមួយពាណិជ្ជកម្ម ឥណ្ឌា​បាននាំមក​នូវ​ឥណ្ឌូប​នីយកម្មចូលក្នុងវប្បធម៌នគរវ្នំ និង សាសនាព្រហ្មញ្ញ។ នគរវ្នំ និង សង្គមជាច្រើនបន្តពីនគរវ្នំ បានកាន់កាប់ប៉ែកនៃអាស៊ីអាគ្នេយ៍មួយនេះ ហើយបានផ្ទុកផ្ដាក់​ព្រហ្មញ្ញសាសនា​ជាសាសនាធំ​អស់​រយៈពេលប្រហែលជាង ៩០០ ឆ្នាំ។ លក្ខណៈពិសេសខាងវប្បធម៌​និងទំនៀមទម្លាប់​ព្រហ្មញ្ញសាសនា​បានបន្តគង់វង្សក្នុងសង្គម​ខ្មែរ​មកទល់ពេល​សព្វថ្ងៃនេះ​នៅឡើយ។
អាណាចក្រនេះបានពង្រីកវិសាលភាពទូលំទូលាយបំផុតក្រោមរជ្ជកាលនៃព្រះបាទស្រីមារ ក្នុងដើម​សតវត្សទី៣ ដែលលាតសន្ធឹងឆ្ងាយមកភាគខាងត្បូងដល់ម៉ាឡេស៊ី និងឆ្ងាយ​មកភាគ​ខាងលិចដល់​ភូមា។ អ្នកនគរវ្នំបានបង្កើតឡើងនូវប្រព័ន្ធពាណិជ្ជវិស័យនិយមដ៏រឹងមាំ និងឯកវិក្កយ​ភាព​ពាណិជ្ជ​កម្ម​ ដែលបានក្លាយជាគំរូសម្រាប់ចក្រភពមួយចំនួនក្នុងតំបន់។ ការនាំចេញនៃអាណាចក្រ​វ្នំមាន​រុក្ខផល និងលោហៈធាតុដ៏មានតម្លៃរួមមាន មាស ភ្លុកដំរី កុយរមាស រោមស្លាបសត្វចចាត គ្រឿង​ទេសបានមកពីក្នុងព្រៃដូចជា ក្រវាញ ស្បែក ម្រ័ក្សណ៍ខ្មុក និង ឈើក្រអូប។ ព្រះបាទស្រីមារ​បានបង្ក​បង្កើន​កង​ទ័ព​សំពៅ និងពង្រីកចំនួនការិយាធិបតេយ្យនគរវ្នំ ដោយបង្កើតជាទម្រង់បែបសក្ដិភូមិ ដែលបានបន្សល់នូវប្រពៃណីទំនៀមទម្លាប់ និងអត្តសញ្ញាណក្នុងតំបន់ឱ្យនៅដដែលច្រើន ជា​ពិសេស​ទៅទៀតនោះការលាតសន្ធឹងកាន់តែឆ្ងាយរបស់ចក្រភពនេះ។ 
ចេនឡា
ចេនឡា រឺ កម្វុជ (កាំវុជៈ) (ចិនសម័យ: 真腊; ចិនបុរាណ: 真臘; ភិងអ៊ិង: Zhēnlà; វ៉េដ–ហ្គែយល្ស៍: Chēn-là; វៀតណាម ៖ជាឈ្មោះចិនហៅកម្ពុជាបន្ទាប់ពីការធ្លាក់ចុះនៃនគរភ្នុំ (扶南) ដែលគេ ស្គាល់ ថាចឹងឡាបជាភាសាយួន (ដែលមាននៅក្នុងការបញ្ចេញសំឡេងចិន-យួន)។ ឈ្មោះនេះនៅ តែ ឃើញ ប្រើនៅក្នុងសតវត្សទី១៣ ដោយបេសកជន ចិនជីវ-តាក្វាន់ (周達觀) អ្នកនិពន្ធ ចឹនឡាផ្វុងធ្ហូជី (លក្ខណៈនិងទំនៀមទំលាប់នៃកម្ពុជា) (真蠟風土記)។ ពួកអ្នកប្រាជ្ញមួយចំនួនសម័យទំនើប បាន ប្រើឈ្មោះនេះសំដៅតែរដ្ឋខ្មែរនៅសម័យកាលចាប់ពីចុងសតវត្សទី៦ ដល់​ដើមសតវត្សទី៩ តែប៉ុណ្ណោះ។
កាលពីដើម គួរហៅថា ពួកមេកន្ទ្រាញដងរែក ដែលដែនមេកន្ទ្រាញតូចៗ ភាគខាងជើង និង ខាងត្បូងនៃជួរភ្នំដងរែក គេមិនសូវស្គាល់ទេ។ ពួកព្រះអង្គម្ចាស់ដែលគេស្គាល់លើកទីមួយ ត្រូវបាន វែក ញែក នៅក្នុងសិលាចារឹកដើមដំបូងខ្លះដែរ។ សិលាចារឹកសំស្ក្រឹត (ដែលមិនបានចុះកាលបរិច្ឆេទ) នៅវាលកន្ទេល ខេត្តស្ទឹងត្រែង (K.៣៥៩) មានឈ្មោះក្សត្រមួយអង្គព្រះនាម វីរវម៌្ម ជាបិតានៃព្រះ នាងមួយអង្គ ព្រះនាមព្រះនាងមិនត្រូវបានវែកញែកទេ ដែលបានរៀបអភិសេក ជាមួយនឹង ព្រាហ្មណ៍ ម្នាក់នាម សោមសម៌ន និង ជាព្រះភគិនីនៃព្រះបាទភវវម៌្ម។ តាមរយៈ សិលាចារឹក មួយ មកពីចន្ទនគរនៅបាសាក់/លាវ (K.៣៦៣)  ព្រះបាទវីរវម៌្មក៏ជាបិតាព្រះអង្គម្ចាស់ចិត្រសេនាដែរ ដែលត្រូវជាព្រះអនុជនៃព្រះបាទភវវម៌្ម។ មែនហើយព្រះអង្គម្ចាស់ ទាំងពីរអង្គមាន ព្រះមាតាតែ មួយតែបិតាផ្សេងគ្នា ដែលត្រូវបានបញ្ជាក់អះអាងដោយសិលាចារឹកស្រីទេព K. ៩៧៨ (ប្រទេស ថៃ សម័យបច្ចុប្បន្ន៖១៥° ២៧’ ជ, ១០១° ៤’ ក)ដែលផ្ដល់ព័ត៌មានថាព្រះបាទភវវម៌្មជាបុត្រនៃព្រះប្រថិវេន្ទ្រវម៌្មនិងជាព្រះនត្តានៃព្រះចក្រវរ្តិន (រុទ្រវម៌្ម) រីឯសិលាចារឹកមួយទៀតមកពីបាកមូល (ปากมูล) នៅឧប្បល/ប្រទេសថៃ (K. ៤៩៦)  បានឲ្យដឹង ថា ព្រះនាមនៃព្រះបិតាព្រះបាទវីរវម៌្មមានព្រះនាមថា សាវ៌ភៅម។ សិលាចារឹក ទាំងប៉ុន្មាន នេះបាន បញ្ជាក់ ថាទឹកដីដ៏ធំមួយកាលណោះ បានគ្រប់គ្រងដោយបណ្ដាស្ដេចអស់ទាំងនេះ។ ដោយបាន កត់ ត្រានៅក្នុងសិលាចារឹក K. ១៥១ ពីរបងរមាសនៅឦសានបុរ (រមណីយដ្ឋាន បុរាណវត្ថុ សំបូរព្រៃគុហ៍) បញ្ជាក់ថានរសិម្ហគុប្តគឺជាបរិវារ (សមាន្តន្ឫប) នៃស្ដេចស្នងរាជ្យបន្តពីព្រះបាទភវវម៌្មទី១ ព្រះបាទ មហេន្ទ្រវម៌្ម (ព្រះនាមសំរាប់រាជ្យនៃព្រះអង្គម្ចាស់ចិត្រសេនា) និងព្រះបាទឦឝានវម៌្មបានកសាងនៅថ្ងៃ ១៣ មេសា ឆ្នាំ ៥៩៨ កំឡុងរជ្ជកាលព្រះបាទភវវម៌្មនូវរូបបដិមាតំណាងឱ្យកល្បវាសុទេវ (Kalpavā su deva)  (ព្រះវិស្ណុ)   ។ មានការស្របគ្នាជាច្រើនជា​មួយនិងអត្ថបទចិនបុរាណដ៏​ចាស់បំផុតដែលបាន​វែកញែកអំពីចេនឡា ស៊្ហ្រុយឝ៊ូក 隋書 (កំណត់ត្រាប្រវត្តិសាស្ត្ររាជវង្សសួយ) បានចងក្រងដោយ អួយ-ចឹង 魏徵 (៥៨០-៦៤៣) នៅឆ្នាំ ៦៣៦ គ.ស ដែលក្នុង​នោះផ្ដល់ព័ត៌មាន​ថាចំណាប់ផ្ដើម​នៃសតវត្ស​ទី៧​ ចេនឡាត្រូវបានគ្រប់គ្រងដោយ ជឺទួស៊ឺណា (ចិត្រសេនា) (質多斯那) និង អ៊ីស្ឈ័រណាសៀនតែយ (ឦឝានវម៌្ម) (伊奢那先代)។ រាជធានីចុងក្រោយគឺឦឝានបុរ[៧] កាលពីរជ្ជកាលព្រះបាទភវវម៌្មទី១ រាជ​ធា​នីស្ថិតនៅភវបុរជាកន្លែងមួយទំនងជាតាំងនៅក្នុងបរិវេណទីរួមស្រុកធារាបរិវត្តន៍ (ថា ឡាបរិវ៉ាត់) នាសម័យនេះ (១៣°៣៣’ ជ, ១០៥°៥៧’ ក)។
អាណាចក្រខ្មែរ
កម្វុជទេឝ (អានថា:កាំវុជៈទេស) គឺជាអាណាចក្រមួយនៅក្នុងចំណោមអាណាចក្រ​ដែលមាន​ឥទ្ធិពលបំផុត​នៅអាស៊ីអាគ្នេយ៍ អាណាចក្រនេះបានលូតលាស់ចេញពីអតីតនគរកម្វុជ ជួនកាល​បានគ្រប់គ្រងលើនិង/រឺ ប៉ែក​មួយចំនួននៃប្រទេស លាវ ថៃ វៀតណាម មីយ៉ាន់ម៉ា និងម៉ាឡេស៊ី​សម័យ​ទំនើបដែលធ្លាប់ជាសាមន្តរដ្ឋរបស់ខ្លួន​។ កេរ្តិ៍ដំណែល ដ៏អស្ចារ្យបំផុតរបស់អាណាចក្រនេះគឺអង្គរ រមណីយដ្ឋាន​ទីក្រុងរាជធានី​ក្នុងសម័យនៃអាណាចក្រ​នេះ​ឈានដល់ចំណុចកំពូល។ អង្គរជាភស្តុតាង​ស្ដុកស្ដម្ភនិងឥទ្ធិពលដ៏មហិមានៃអាណាចក្រខ្មែរ ដូចគ្នានេះដែរ ប្រព័ន្ធ​ជំនឿដោយឡែកៗត្រូវ​បាន​លើក​ស្ទួយកាលពីអតីត។ សាសនាផ្លូវការរបស់អាណាចក្រនេះរួមមានព្រហ្មញ្ញសាសនា និងពុទ្ធសាស​នា​មហាយាន ក្រោយមកព្រះពុទ្ធសាសនាថេរវាទត្រូវបានគេផ្សព្វផ្សាយយ៉ាងទូលំទូលាយ ក្នុងចំណោម​វណ្ណៈ​ជាន់ទាប បន្ទាប់ពីថេរវាទត្រូវបានគេបញ្ចូលពីស្រីលង្កាមកនៅក្នុងសតវត្សទី១៣​។​ តាមការ​ស្រាវ​ជ្រាវ​ទំនើប ដោយ​ប្រើផ្កាយរណប បានបង្ហាញថាអង្គរគឺជាតំបន់ប្រមូលផ្ដុំនៃ​មនុស្សធំ​បំផុតលើ​ពិភព​លោក មុនសម័យឧស្សាហកម្ម
ការបង្កើត និង ការរីកចំរើន
ជយវម៌្មទី២ - ស្ថាបនិកអង្គរ

ទិន្នន័យដំបូងអំពីព្រះបាទជយវម៌្មទី៣បានមកពីសិលាចារឹក K.២៣៥នៅលើគោលចារឹកមួយ​នៅ​ប្រាសាទ​ស្ដុកកក់ធំ តំបន់ឦសាន ប្រទេស​ថៃ។ ដោយចុះកាលបរិច្ឆេទ ១០៥៣ គ.ស. ត្រូវបាន​គេរាប់​ត្រ​ឡប់​ទៅពីរសតវត្សកន្លះវិញនៃការបំរើរបស់សមាជិក​គ្រួសារស្ថាបនា​ប្រាសាទរហូត​ដល់រាជវាំងខ្មែរ​ដ៏សំខាន់ជាអគ្គបព្វជិតនៃសាសនាព្រហ្មញ្ញខាងគណៈសិវ
តាមរយៈការពិពណ៌នាដ៏វែងឆ្ងាយ ព្រះបាទជយវម៌្មទី៣ត្រូវគេសន្មតថា​ជាព្រះអង្គម្ចាស់​មួយអង្គ​ដែល​បានរស់នៅរាជវាំងនៃរាជវង្ស​សៃលេន្ទ្រ​នៅប្រទេសជ្វា (ឥណ្ឌូណេស៊ីសម័យសព្វថ្ងៃនេះ) ហើយ​បាន​នាំ​មកស្រុកកំណើតវិញនូវសិល្បៈនិងវប្បធម៌នៃរាជវាំងសៃលេន្ទ្រជ្វាមកកាន់កម្វុជទេឝវិញ។ ទ្រឹស្ដី​បុរាណនេះគឺត្រូវបានរំលឹកឡើងវិញដោយពួកអ្នកប្រាជ្ញសម័យថ្មីនេះ ដូចជាលោកក្លូដ-ហ្សាក់ (Claude Jacques) និងលោកម៉ៃខឺល-វីខ្ខឺរី (Michael Vickery) ដែលបានកត់សំគាល់ថាខ្មែរបានហៅថា ជ្វា គឺជាពួកចាម ប្រទេសជិតខាងរបស់ខ្លួនទៅវិញទេ។[១០] លើសពីនេះទៅទៀត ជីវិតនយោបាយ​របស់​ព្រះបាទជយវម៌្មបានចាប់ផ្ដើមនៅវ្យាធបុរ (ប្រហែលជាបន្ទាយព្រៃនគរ) នៅកម្ពុជាភាគខាងកើត ដែលបង្កើតឲ្យមានទំនាក់ទំនងរយៈពេលយ៉ាងយូរជាមួយពួកនោះ (ត្បិតនៅមាន​ការប្រទាញ​ប្រទង់​គ្នា ដូចដែរសិលាចារឹកមួយចំនួនបានលើកឡើង) ច្រើនជាង​ការគង់​នៅយ៉ាង​យូរនៅ​ជ្វាដ៏ឆ្ងាយ​នោះ​ទៅទៀត។ នៅទីបញ្ចប់ ប្រាសាទបុរាណៗជាច្រើននៅលើភ្នំគូលែនបង្ហាញនូវឥទ្ធិពលចាម (ឧ.ប្រា​សាទដំរីក្រាប) និងជ្វា (ឧ.ប្រាសាទភ្នំដើមដំបូង គឺប្រាសាទអារាមរោងចិន និង ប្រាសាទថ្មដាប់) ទោះ​បីយ៉ាងណា ការរៀបចំខុសប្លែករបស់ប្រាសាទហាក់បីដូច​ជាតាមបែបផែនខ្មែរ។
បន្ទាប់ពី ព្រះអង្គនៅទីបញ្ចប់បានត្រឡប់មកប្រទេសកំណើតរបស់ព្រះអង្គវិញ អតីតនគរកម្វុជ ព្រះអង្គភ្លាមៗក៏បានកសាងឥទ្ធិពលរបស់ទ្រង់ ដោយធ្វើសញ្ជ័យ​ជាបន្តបន្ទាប់​នឹងស្ដេចដែល​កំពុង​ប្រណាំងប្រជែងនឹងទ្រង់ ហើយនៅឆ្នាំ ៧៩០ គ.ស. ព្រះអង្គបានក្លាយជា​ព្រះមហាក្សត្រនៃនគរ​មួយ​ហៅថា កម្វុជទេឝ របស់ជាតិខ្មែរ។ នៅប៉ុន្មានឆ្នាំជាបន្តបន្ទាប់ ព្រះអង្គបានពង្រីកទឹក​ដីរបស់ទ្រង់​និង​ទីបញ្ចប់​បានបង្កើតឡើងរាជធានីថ្មីរបស់ទ្រង់ នៅហរិហរាល័យក្បែរ​ទីប្រជុំជនមួយនៅ​រលួស​ក្នុង​ប្រទេសខ្មែរ។ ដោយហេតុនេះហើយទើបទ្រង់បានពង្រីកវិសាលភាពការស្ថាបនាអង្គរ ដែលចាប់​ពីប្រ​មាណ ១៥ គ.ម. ទៅទិសពាយព្យ។ នៅឆ្នាំ ៨០២ ទ្រង់បានប្រកាសព្រះអង្គឯងថាជាចក្រវរ្តិន៑ នៅក្នុង​ក្បួនរីត៍ដែលយកតាមប្រពៃណីឥណ្ឌា។ ដោយហេតុនេះហើយទ្រង់មិនត្រឹមតែបាន​តែងតាំងដោយ​ទេវៈប៉ុណ្ណោះទេ និងក៏ជាអ្នកដឹកនាំដែលគ្មានគូប្រៀប ក៏ប៉ុន្តែក្នុងពេលដំណាលគ្នាដែរ ទ្រង់ក៏បាន​ប្រកាសឯករាជ្យព្រះនគររបស់ព្រះអង្គពីជ្វាផងដែរ។ ព្រះបាទជយវម៌្មទី៣បានសោយទិវង្គតនៅឆ្នាំ ៨៣៤ នៃ គ.ស ហើយព្រះអង្គត្រូវបានស្នងរាជ្យបន្តដោយព្រះបុត្រាព្រះអង្គ ព្រះបាទជយវម៌្មទី៤ ព្រះបាទជយវម៌្មទី៤បានសោយទិវង្គតនៅឆ្នាំ ៨៧៧ នៃ គ.ស ហើយត្រូវបានស្នង​រាជ្យ​បន្តដោយ​ព្រះបាទឥន្ទ្រវម៌្មទី១
យសោធរបុរៈ - ទីក្រុងអង្គរទីមួយ
ស្ដេចសោយរាជ្យបន្តបន្ទាប់ពីព្រះបាទជយវម៌្មទី៣​បានពង្រីកទឹកដីកម្ពុជាជាបន្តបន្ទាប់។ ព្រះ​បាទ​ឥន្ទ្រវម៌្មទី១ (រជ្ជកាល គ.ស ៨៧៧-៨៨៩) បានចាត់ចែងពង្រីកនគរដោយគ្មានសឹកសង្គ្រាម ហើយ​ព្រះ​អង្គបានចាប់ផ្ដើមគំរោងសំណង់ដ៏ស្កឹមស្កៃ អរគុណចំពោះភោគទ្រព្យ​ដែលបាន​មកតាមរយៈ​ពាណិជ្ជ​កម្ម​ និង កសិកម្ម។ ជាបឋមគឺប្រាសាទព្រះគោនិងស្នាព្រះហស្ថប្រព័ន្ធធារាសាស្ត្រ។ ព្រះអង្គត្រូវ​បាន​ស្នងរាជ្យបន្ដដោយព្រះរាជបុត្ររបស់ព្រះអង្គ យសោវម៌្មទី១ (សោយរាជ្យ គ.ស ៨៨៩-៩១៥) បានបង្កើត​រាជធានីថ្មី យសោធរបុរ ទីក្រុងដំបូងនៃអង្គរ
ប្រាសាទកណ្ដាលទីក្រុងត្រូវសាងឡើងនៅលើភ្នំបាខែង កូនភ្នំដែលផុសឡើង ៦០ ម លើវាលទំនាប​ដែលតាំងនៅអង្គរ។ ក្រោមការដឹកនាំរបស់ព្រះបាទយសោវម៌្មទី១ បារាយណ៍ខាងកើត​ក៏ត្រូវបាន​បង្កើត​​ឡើងផងដែរ គឺជាអាងទឹកដ៏ធំ ៧,៥ គុណនឹង ១,៨ គ.ម។
ចាប់ផ្ដើមនៃសតវត្សទី១០ នគរបានបែកបាក់ផ្ទៃក្នុង។ ព្រះបាទជយវម៌្មទី៥បានបង្កើតរាជធានី​ថ្មីនៅឆោកគគីរ (លិង្គបុរ) នៅចំងាយ ១០០  គ.ម បន្តិចនៅភាគឦសាននៃអង្គរ។ មានតែព្រះបាទ​រាជេន្ទ្រវម៌្មទី២មួយអង្គទេ (សោយរាជ្យ៩៤៤-៩៦៨ គ.ស) ដែលបានរើរាជវាំង​ត្រឡប់ទៅ​យសោធរបុរៈ​វិញ​។ ព្រះអង្គបានបង្កើតគ្រោងការសំណង់ដ៏ស្កឹមស្កៃម្ដងទៀត​ក្នុងចំណោមស្ដេចដំបូងៗទាំងនោះ ​និង​បានសាងប្រាសាទជាបន្តបន្ទាប់នៅតំបន់អង្គរ មិនត្រឹមតែមេបុណ្យខាងកើត នៅលើកោះ​មួយ​នៅចំកណ្ដាលនៃបារាយណ៍ខាងកើតនោះទេ ប្រាសាទពុទ្ធនិយមនិងវត្តជាច្រើនក៏បានកសាងឡើង​ផងដែរ។ នៅឆ្នាំ ៩៥០ នៃ គ.ស សង្គ្រាមលើកទីមួយ បានកើតមានឡើងរវាងកម្ពុជា និងនគ​រ​ចាម្ប៉ា​នៅភាគខាងកើត (នៅវៀតណាមកណ្ដាលសម័យទំនើបនេះ)។
ចាប់ពីឆ្នាំគ.ស ៩៦៨ ដល់ ១០០១ ត្រូវបានបន្តទៅឱ្យព្រះរាជបុត្រនៃព្រះបាទរាជេន្ទ្រវម៌្មទី២គឺ​ព្រះ​បាទជយវម៌្មទី៦។ បន្ទាប់ពីព្រះអង្គបានតែងតាំងព្រះអង្គឯងក្លាយជាស្ដេចថ្មី​លើព្រះអង្គម្ចាស់​ដទៃៗ​មក ការគ្រប់គ្រងរបស់ព្រះអង្គគឺជាសម័យកាលមានសន្តិភាពយ៉ាងខ្លាំង ដែលបានកត់សំគាល់​ដោយ​ភាពរុងរឿង និងការរីកស្គុះស្គាយនៃវប្បធម៌។ ព្រះអង្គបានបង្កើតរាជធានីថ្មីក្បែរយសោធរបុរ ជយេន្ទ្រ​នគរី។​ នៅក្នុងរាជវាំងនៃព្រះបាទជយវម៌្មទី៦ មានពួកទស្សនវិទូ អ្នកប្រាជ្ញបណ្ឌិត និងសិល្បកររស់​នៅ។ ​ប្រាសាទថ្មីៗក៏ត្រូវបានគេកសាងផងដែរ៖ ប្រាសាទដែលសំខាន់ទាំងនោះគឺបន្ទាយស្រី ត្រូវ​បាន​ចាត់ទុកថាជាប្រាសាទមួយនៅអង្គរស្រស់ស្អាតនិងវិចិត្របំផុត និងប្រាសាទតាកែវ គឺជាប្រាសាទ​សម័យ​អង្គរ​ដំបូងទីមួយដែលបានសាងសង់រួចរាល់ដោយថ្មភក់។ ជំលោះមួយទសវត្សបានបន្ត បន្ទាប់​ពីការសោយទិវង្គតរបស់ព្រះបាទជយវម៌្មទី៦​។ ពួកស្ដេចដែលបានសោយរាជ្យបន្ត​បានត្រឹមតែរយៈ​ពេល​​ពីរបីឆ្នាំ គឺត្រូវបានប្ដូរចេញដោយអំពើហិង្សាជាបន្តបន្ទាប់​ដោយអ្នកស្នងរាជ្យរបស់​ព្រះអង្គរហូត​នៅទីបំផុត ព្រះបាទសូរ្យវម៌្មទី១ (សោយរាជ្យគ.ស ១០១០-១០៥០) បានទទួលបានរាជ្យបល្លង្ក។ ក្រោម​ការដឹកនាំរបស់ព្រះអង្គត្រូវបានកត់សំគាល់ដោយការប៉ុនប៉ងដដែលៗ ដោយពួកសត្រូវ​របស់ព្រះអង្គ​ដើម្បីផ្ដួលរំលំព្រះអង្គ តាមរយៈការសញ្ជ័យយោធាជាច្រើនលើក។ នៅភាគខាងលិច ព្រះអង្គបាន​ពង្រីក​នគរទៅកាន់លវបុរីស្ថិតក្នុងប្រទេសថៃសព្វថ្ងៃនេះ នៅភាគខាងត្បូងទៅដល់បួរដីក្រៈ។ នៅអង្គរ សំណង់នៃបារាយណ៍ខាងលិចបានចាប់ផ្ដើមក្រោមការដឹកនាំរបស់ព្រះបាទសូរ្យវម៌្មទី១ ជាអាងទឹកដ៏ធំទីពីរ (៨ គុណនឹង ២.២  គ.ម) បន្ទាប់ពីបារាយណ៍ខាងកើត។ គ្មាន​នរណា​ម្នាក់​ដឹងថាតើព្រះអង្គមានបុត្រ រឺក៏ ព្រះមហេសីទេ។

   យុគមាស

    សូរ្យវម៌្មទី២ - អង្គរវត្ត


សតវត្សទី១១គឺជាសម័យកាលនៃជំលោះនិងការដណ្ដើមអំណាចគ្នាយ៉ាងឃោរឃៅ។ មានតែ​ព្រះ​បាទ​សូរ្យវម៌្មទី២មួយអង្គគត់ (សោយរាជ្យ ១១១៣-១១៥០) ដែលធ្វើឱ្យនគរបានបង្រួប​បង្រួមផ្ទៃក្នុងប្រ​ទេស​​និងបានពង្រីកទឹកដីទៅក្រៅប្រទេស។ ក្រោមការដឹកនាំរបស់ទ្រង់ ប្រាសាទដ៏​ធំបំផុត​​នៅ​អង្គរ​ត្រូវបានសាងសង់ឡើងក្នុងរយៈកាល ៣៧ ឆ្នាំ៖ អង្គរវត្ត ឧទ្ទិសដល់ព្រះវិស្ណុ។ ព្រះបាទសូរ្យវម៌្មទី២ បាន​សញ្ជ័យនគរមនហរិបុញ្ជ័យនៅខាងលិច (ប្រទេសថៃកណ្ដាលសព្វថ្ងៃនេះ) និងតំបន់​ភាគខាងលិច​សែនឆ្ងាយដល់ព្រំដែននគរបាកាន (ភូមាសម័យទំនើប) នៅប៉ែកខាងត្បូងដល់ទៀបកោះម៉ាឡេ (ស្ទើរកោះម៉ាឡេ) ចុះមកដល់នគរក្រហិ (ដែលប្រហែលត្រូវគ្នានឹងចង្វាតនគរស្រីធម្មរាជ ថៃសម័យ​ទំ​នើប) នៅខាងកើតបណ្ដាខេត្តភាគច្រើននៃចាម្ប៉ា និងប្រទេសមួយចំនួននៅភាគខាងជើងរហូត​ដល់​ព្រំដែនភាគខាងត្បូងនៃលាវសម័យទំនើប។ ព្រះបាទសូរ្យវម៌្មទី២បានបញ្ជូនគណៈប្រតិភូ​មួយទៅ​កាន់រាជវង្សចោលនៅឥណ្ឌាភាគខាងត្បូង និងបានថ្វាយថ្មមានតំលៃដល់​មហារាជកុលោត្តុង្គចោល​ទី១​នៅ គ.ស ១១១៤។ ការសោយទិវង្គតរបស់ព្រះបាទសូរ្យវម៌្មទី២នៅតែស្រពិចស្រពិលនៅឡើយ។ សិលាចារឹកចុងក្រោយបង្អស់ បានរំលឹកដល់ព្រះនាមរបស់ព្រះអង្គក្នុង​ការជាប់ទាក់ទងជាមួយការ​លុក​លុយយួន​ដែលបានរៀបចំ​តាមផែនការ​រួចហើយ គឺចាប់ពីឆ្នាំ ១១៤៥។ ព្រះអង្គបានសុគតកំឡុង​បេសនកម្មយោធាបានបរាជ័យ​នៅលើទឹកដីដាយវៀតនៅក្បែរៗឆ្នាំ ១១៤៥ និង ១១៥០។
នឹង​ហើយ សម័យកាលបន្តបន្ទាប់មួយទៀតក្នុងនោះ ពួកស្ដេចដែលបានសោយរាជ្យបន្ត​ក្នុង​រយៈពេលខ្លី និងត្រូវបានផ្ដួលរំលំដោយអំពើហិង្សា​ដោយសារស្ដេចស្នងរាជ្យបន្តរបស់ទ្រង់។ នៅ​ទី​បំផុតនៅឆ្នាំ ១១៧៧ កម្វុជត្រូវទទួលបរាជ័យនៅក្នុងសមរភូមិជើងទឹក​នៅបឹងទន្លេសាប​ដោយ​សារកងទ័ពចាម ​និងត្រូវបានបញ្ចូលជាខេត្តមួយរបស់ចាម្ប៉ា

សង្គ្រាមរវាងខ្មែរនិងនគរចាម្ប៉ា

តាមសិលាចារឹកខ្មែរ និងកំណត់ឯកសារប្រវត្តិសាស្ត្រចិនជំនាន់ដើម យើងកត់សំគាល់ឃើញថា ប្រទេសខ្មែរតែងតែជួបប្រទះ ធ្វើសង្គ្រាមតទល់ជាមួយនឹងនគរចាម្ប៉ាជាញឹកញាប់។ ពីព្រោះ​តែ​នៅ​អាស៊ីអាគ្នេយ៍សម័យនោះ កម្លាំងឬជនជាតិសាសន៍ ដែលប្រឈមមុខគ្នា មានតែខ្មែរ​និង​ចាម​ប៉ុណ្ណោះ។ ​សង្គ្រាមនេះ ជាសង្គ្រាមវាតទឹកដី វាតអំណាច វាតឥទ្ធិពល ដែលនាំមកនូវ​ផលអាក្រក់​មហន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត ដល់ជោគវាសនាប្រទេសចាម្ប៉ា។
ដើមកំណើតនគរចាម្ប៉ា
ជនជាតិចាមមានដើមកំណើតចេញមកពីជនជាតិជ្វា ឬម៉ាឡេនិងប៉ូឡេណេស៊ី ដែលរស់​នៅ​ក្នុង​ភូមិភាគ ប្រទេសម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីបច្ចុប្បន្ននេះ។ នៅដើមសតវត្សទី១នៃគ្រិស្តសករាជ ជនជាតិ​ចាមដែលមានឈ្មោះល្បីល្បាញ ជាអ្នកប៉ិនប្រសប់ខាងធ្វើដំណើរតាមសមុទ្រ បាននាំ​គ្នាមក​កាន់កាប់​ទឹកដីចន្លោះ ជួរភ្នំអណ្ណាម និងសមុទ្រ។ ព្រំប្រទល់ខាងជើងជាប់នឹងទឹកដីខេត្តចិន តុងកឹង​និងខាង​ត្បូងជាប់នឹងទឹកដីខ្មែរកម្ពុជាក្រោម។ គឺជាច្រកទឹកដីមួយចង្អៀត ដោយមានរបាំងធម្មជាតិ (ជួរភ្នំ​អណ្ណាម) ឃាំងជាប់នៅទិសខាងលិចនិងខាងកើត (សមុទ្រចិន)។ ក្នុងសតវត្សទី២នៃគ្រិស្តសករាជ ជន​ជាតិចាមបានរៀបចំទឹកដីនេះ អោយក្លាយទៅជានគរមួយមានឈ្មោះនគរចាម្ប៉ា​ដែលអ្នក​ដំណើ​រ​ចិនដាក់ឈ្មោះថា លីនយី​។ ជាដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន នគរចាម្ប៉ាបានទទួល​ឥទ្ធិពល​អំពី​ឥណ្ឌា ហើយ​គោរពបូជាព្រហ្មញ្ញសាសនា។ ព្រះមហាក្សត្រចាមទាំងប៉ុន្មានតែងតែប្រកាសតាំងខ្លួន ចុះមកពីព្រះសិវៈ ឬ ព្រះឥសូរ
    បុព្វហេតុសង្គ្រាមខ្មែរនិងចាម្ប៉ា
ដោយទឹកដីរបស់ខ្លួនត្រូវចង្អៀតតូច ដោយប្រជាជនចេះតែកើនឡើងចំនួន ហើយម្យ៉ាងទៀត​ដោយ​សារនៅទិសខាងលិច មានជញ្ជាំងភ្នំអណ្ណាមយ៉ាងខ្ពស់ស្កឹមស្កៃមិនអាចឆ្លងកាត់បាន នគរ​ចាម្ប៉ាគ្មានមធ្យោបាយអ្វីក្រៅអំពីវាតទឹកដីចុះទៅក្រោមឬឡើងទៅលើឡើយ។ ពីសតវត្សទី៣ទៅទី៤នៃគ្រិស្តសករាជ បានពង្រឹងកម្លាំងទាំងអស់វាយលុកប្រហារដណ្ដើមយកខេត្តចិន តុងកឹង។ តែ​សង្គ្រាម​នេះហាក់ដូចជាមិនបាននាំមកនូវជោគជ័យដល់នគរចាម្ប៉ាទេ។ ជនជាតិយួន​បានវាយតប​វិញ ធ្វើអោយចាមទប់មិនបាន ហើយដកឃ្លារើរាជធានីឥន្ទ្របុរៈចុះមកតាំងទីនៅឯបណ្ឌុរង្គ។ បន្ទាប់​មក រាជធានីចាមត្រូវលើកមកនៅកៅធរៈ។ មិនតែប៉ុណ្ណោះជាច្រើនលើកច្រើនគ្រា នគរចាម្ប៉ាត្រូវ​ពួក​ជ្វា​ចោរសមុទ្រលើកទ័ពតាមទូកសំពៅចូលមកលុកលុយ វាយប្រហារកាប់សម្លាប់ ធ្វើបាបលួចប្លន់​ ដុតបំផ្លិចបំផ្លាញជារឿយៗ ពីគ្រិស្តសករាជ ៧៦៥ ទៅ ៧៨៧។ កងទ័ពចិនដែលត្រួត​ត្រានៅតុង​កឹងក៏​ធ្លាប់​​បានវាយកម្ទេចចាម្ប៉ាដាក់ជាចំណុះដែរ។ បន្ទាប់មកក្នុង គ.ស. ១០៤៥ កងទ័ពយួន​បានយក​ជ័យ​ជម្នះលើកងទ័ពចាម ដណ្ដើមយកបានព្រះរាជធានីឥន្ទ្របុរៈ ហើយលួចប្លន់យក​អស់ភោគទ្រព្យ​សម្បត្តិធនធានរបស់ចាមផង។ ក្នុងគ.ស. ១០៦១ ទឹកដីខេត្តបីរបស់ចាមត្រូវយួនកាត់យក មក​បញ្ចូល​ធ្វើជាទឹកដីយួន។ គឺក្នុងស្ថានភាពដូច្នេះហើយ ដែលនគរចាម្ប៉ាត្រូវតែរកផ្លូវ រកទិសរុល​បុក​វាយវាតទីទឹកដីចុះមកក្រោម ឬ មកខាងត្បូងសំដៅប្រទេសកម្ពុជា។ ដំបូង ការចុះតម្រង់​ចូលមក​ក្នុង​ទឹកដីខ្មែរ គ្មានលក្ខណៈជាការវាយប្រហារឬជាសង្គ្រាមទេ។ គឺជាក្រុមចោរតូចតាច​ដែលនាំគ្នាមក​លួច​ប្លន់ កាប់សម្លាប់ប្រជាពលរដ្ឋខ្មែរដើម្បីរករស់តែប៉ុណ្ណោះ។ គំនិតចង់វាត​ទឹកដីយក​ខេត្តខណ្ឌនគរ​ខ្មែរហាក់ដូចជាមិនទាន់មានទេ។ ពួកក្រុមចោរចាមទាំងនោះ ជួនត្រូវ​ព្រះមហាក្សត្រខ្មែរ​វាយប្រហារ​ដេញ​សម្លាប់កម្ទេចចោល ជួនត្រូវបានព្រះអង្គអនុញ្ញាត​អោយរស់នៅលើទឹកដីខ្មែរដើម្បី​បម្រើនយោ​បាយ​និងផលប្រយោជន៍ខ្មែរ។ ប៉ុន្តែចូលមកដល់ គ.ស. ៨០៩ ក្នុងរាជ្យព្រះបាទជយវម៌្មទី៣ ដោយមាន​ចាមមួយអង្គឈ្មោះពោរ ជាមេទ័ពធំ នគរចាម្ប៉ាបានលើកពលសេនាយោធា យ៉ាងគគ្រឹក​គគ្រេង​ចូល​មកវាយប្រហារនគរខ្មែរ។ តែកងទ័ពចាម ត្រូវបរាជ័យបាក់បែករត់ខ្ចាត់ខ្ចាយរលាយអស់។ វិបត្តិរវាង​ខ្មែរនិងចាម ក៏ចេះតែរីកធំឡើងជាលំដាប់តាមកាលវេលា។ ក្នុង គ.ស. ៩៤៥-៩៤៦ វិវាទខ្មែរ-ចាម​មានកម្រិតយ៉ាងខ្ពស់ខ្លាំងក្លាយផ្ទុះជាសង្គ្រាម។ កងទ័ពខ្មែរក្រោមការដឹកនាំរបស់ព្រះមហាក្សត្រខ្មែរ ព្រះបាទរាជេន្ទ្រវម៌្មបានវាយរុញច្រានកម្ចាត់កងទ័ពចាម វាយប្រយុទ្ធចូលលុកសម្រុកដល់នគរចាម្ប៉ា ហើយដណ្ដើមយកបានព្រះរាជធានី កៅធរៈ។ សិលាចារឹក​ចាមបាន​សរសេរចារ​រៀបរាប់អំពីសង្គ្រាម​នេះ ដោយបញ្ជាក់ថាកងទ័ពខ្មែរបានលួចយករូបព្រះបដិមាករព្រះនាងភគវត្តីដែលធ្វើអំពីមាស។ សង្គ្រាមនិងអធិករណ៍រវាងនគរខ្មែរនិងចាមមានរយៈពេលជាង ៧៥ ឆ្នាំ។ តែក្នុងរយៈពេលចុងក្រោយ ដែលនគរចាម្ប៉ាទទួលការវាយប្រហារកៀបសង្កត់ យ៉ាងខ្លាំងពីសំណាក់យួន ចាម្ប៉ាហាក់​ដូចជាងាក​មក​ស្វែងរកការគាំទ្រពីកម្ពុជាវិញ។
ជយវម៌្មទី៧ - អង្គរធំ
អនាគតព្រះមហាក្សត្រ ព្រះបាទជយវម៌្មទី៧ (សោយរាជ្យគ.ស ១១៨១-១២១៩) គឺជាមេទ័ពស្រាប់​ត្រូវ​ជាព្រះអង្គម្ចាស់ក្រោមអំណាចស្ដេចមុន។ បន្ទាប់ពីពួកចាមបានសញ្ជ័យយកបានអង្គរ ព្រះ​អង្គ​បានប្រមូលកងទ័ពនិងដណ្ដើមយកមករាជធានី យសោធរបុរមកវិញ។ នៅឆ្នាំ ១១៨១ ព្រះអង្គបាន​ឡើងសោយរាជ្យនិងបន្តសង្គ្រាមប្រឆាំង នឹងនគរខាងកើតជិតខាងអស់រយៈពេល ២២ ឆ្នាំថែមទៀត រហូតដល់ខ្មែរបានធ្វើឱ្យចាម្ប៉ាបរាជ័យនៅឆ្នាំ ១២០៣ និងបានសញ្ជ័យទឹកដីដ៏ធំធេងរបស់ចាម្ប៉ា
ព្រះបាទជយវម៌្មទី៧ឈរជាស្ដេចចុងក្រោយបង្អស់​ក្នុងចំណោមស្ដេចធំៗនៃអង្គរ មិនត្រឹមតែធ្វើ​សង្គ្រាម​នឹងចាមបានជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែព្រះអង្គគឺជាអ្នកដឹកនាំ​ដែលមិន​ចេះឆ្លៀតឱកាសក្នុងសភាពការណ៍ដើម្បីបានសោយរាជ្យភ្លាមៗឡើយ ដោយហេតុ​នេះហើយ​ព្រះអង្គក៏​បានបង្រួបបង្រួមអាណាចក្រ និងលើសពីនោះ គំរោងសំណង់របស់​ស្ដេចអង្គមុនបានបន្ត​ក្រោមរាជ្យ​របស់​ព្រះអង្គដដែល។ រាជធានីថ្មីបច្ចុប្បន្នហៅថា អង្គរធំ (ន័យចំ: ទីក្រុង រឺ បុរីធំ) ត្រូវបានកសាង​ឡើង។ ​នៅចំកណ្ដាល ព្រះមហាក្សត្រ (ព្រះអង្គជាអ្នកកាន់ព្រះពុទ្ធសាសនាមហាយាន) បានសាងសង់​ជាប្រាសាទរដ្ឋបាយ័ន ដែលមានប្រាង្គមានព្រះភក្ត្រនៃពោធិសត្វអវលោកេស្វរ ដែលប្រាង្គ​នីមួយៗ​មាន​កំពស់ច្រើនមាត្រ ឆ្លាក់ចេញពីថ្ម។ ប្រាសាទសំខាន់ៗថែមទៀតត្រូវបានកសាងក្រោមរជ្ជកាល​របស់ព្រះបាទជយវម៌្មទី៨ គឺតាព្រហ្ម បន្ទាយក្ដី និង នាគព័ន្ធ ដូចគ្នាដែរក៏មានអាងផ្ទុកទឹកស្រះស្រង់។ ស្របគ្នាដែរ បណ្ដាញផ្លូវធំមួយចំនួនត្រូវបានគេក្រាល ដែលភ្ជាប់ទៅកាន់​ក្រុងនីមួយៗ​នៃ​អាណា​ចក្រ។ សាលាសំណាក់ ១២១ នៅតាមផ្លូវទាំងនោះត្រូវបានសាងឡើងសំរាប់ពួកឈ្មួញ មន្ត្រីរាជការនិង​អ្នកដំណើរ។ មិនត្រឹមតែប៉ុណ្ណឹងទេ ព្រះអង្គបានកសាងមន្ទីរពេទ្យចំនួន ១០២ ថែមទៀតផង។
ជយវម៌្មទី៧ — ការរុងរឿងចុងក្រោយ
បន្ទាប់ពីការសោយទិវង្គតនៃព្រះបាទជយវម៌្មទី៧ទៅ ព្រះរាជបុត្ររបស់ព្រះអង្គ ព្រះបាទឥន្ទ្រវម៌្មទី២ (សោយ​រាជ្យ​ ១២១៩-១២៤៣) បានឡើងសោយរាជ្យបន្ត។ ដូចព្រះបិតារបស់ព្រះអង្គដែរ ទ្រង់ក៏​ជា​ពុទ្ធសាសនិក និងបានបង្ហើយប្រាសាទជាបន្តបន្ទាប់​ដែលចាប់ផ្ដើម​សង់ឡើងក្រោមរជ្ជកាល​បិតា​របស់ព្រះ​អង្គ។ ជាអ្នកចំបាំងមួយអង្គ ទ្រង់មានជ័យជំនះតិចណាស់។ នៅឆ្នាំ ១២២០ ក្រោមការដាក់​សំពាធពីដាយវៀតដែលអំណាចកាន់តែកើនឡើង និងសម្ព័ន្ធមិត្តចាមរបស់យួន ខ្មែរបានដកទ័ព​ចេញពីខេត្តមួយចំនួនដែលសញ្ជ័យបានពីចាម្ប៉ាកាលពីមុន។ នៅភាគខាងលិច ពួកសៀម​ដែលជា​អ្នក​​នៅក្រោមអំណាចទ្រង់បានបះបោរ បង្កើតឡើងនគរសៀមទីមួយ​នៅសុខោទ័យនិង​បានរុញ​ច្រាន​ខ្មែរឲ្យត្រឡប់មកវិញ។
នៅក្នុងរយៈពេល ២០០ ឆ្នាំបន្តបន្ទាប់ ពួកសៀមបានក្លាយជាសត្រូវធំនៃកម្ពុជា។ ព្រះបាទឥន្ទ្រវម៌្ម​ទី២​ត្រូវបានស្នងរាជ្យបន្តដោយព្រះបាទជយវម៌្មទី៩ (សោយរាជ្យ ១២៤៣-១២៩៥)។ ផ្ទុយនឹងស្ដេច​សោយ​​រាជ្យមុនៗ ព្រះអង្គគឺជាអ្នកកាន់ព្រហ្មញ្ញសាសនានិងក៏ជាអ្នកប្រឆាំងរុកគួនដល់​ពុទ្ធ​សាស​នា​ដែរ។ ព្រះអង្គបានបំផ្លិចបំផ្លាញរូបបដិមាព្រះពុទ្ធនៅក្នុងអាណាចក្រជាច្រើន (អ្នកបុរាណវិទ្យា​បាន​ប៉ាន់​ប្រមាណចំនួនជាង ១០០០០ ដែលក្នុងនោះមានស្លាកស្នាមតិចតួចដែលនៅសេសសល់) ហើយ​បាន​ប្រែប្រាសាទ​ពុទ្ធ​សាសនា​ទៅជាព្រហ្មញ្ញសាសនាវិញ។ ពីខាងក្រៅ អាណាចក្រ​រងការគំរាម​កំហែង​នៅឆ្នាំ ១២៨៣​ ដោយពួកម៉ុងហ្គោលក្រោមការដឹកនាំ​របស់មេទ័ព​សាហ្កាទូ ជាមេទ័ពម្នាក់របស់​គូប៊ី​ឡៃខាន់ ដែលជួនកាលត្រូវគេស្គាល់ថាជា សុហ្គេទូ រឺ សូឌុ ហើយក៏ជាចៅហ្វាយខេត្តគ័ងចូវ ប្រទេសចិន​ដែរ។[ គឺជាទលសេនាតូចចេញពីយុទ្ធនាការធំប្រឆាំងនឹងចាម្ប៉ានិងដាយវៀត។ ព្រះមហាក្សត្រ​បាន​បញ្ចៀ​ស​សង្គ្រាមជាមួយសត្រូវដ៏មានឥទ្ធិពល​របស់ព្រះអង្គ​ដែលនៅពេលនោះ​បានគ្រប់គ្រងប្រទេស​ចិនទាំងមូល ដោយថ្វាយសួយសាអាករជាប្រចាំឆ្នាំទៅកាន់ព្រះចៅគូប៊ីឡៃខាន់។ ការគ្រប់គ្រង​របស់​ព្រះបាទជយវម៌្មទី៩បានបញ្ចប់នៅឆ្នាំ ១២៩៥ ​ដែលនៅពេលនោះ​ព្រះអង្គត្រូវបានទំលាក់​ដោយព្រះ​រាជសណិសារ​របស់ទ្រង់ គឺព្រះបាទស្រេន្ទ្រវម៌្មទី២ (ឥន្ទ្រវម៌្មទី៣) (សោយរាជ្យ ១២៩៥-១៣០៩)។ ព្រះ​មហាក្សត្រថ្មីគឺជាអ្នកកាន់ពុទ្ធសាសនាថេរវាទ ជាសាខាពុទ្ធសាសនា​ដែលបាននាំ​មកដល់​អាស៊ី​អា​គ្នេយ៍​ពីស្រីលង្កា និងបានផ្សព្វផ្សាយជាបន្តបន្ទាប់ទូទាំងតំបន់ភាគច្រើន។
នៅខែសីហា ១២៩៦ អ្នកការទូតចិនជីវ-តាក្វាន់បានមកដល់អង្គរ និងបានស្នាក់នៅក្នុងវាំង​នៃស្ដេចស្រេន្ទ្រវម៌្មរហូតដល់ ខែ កក្កដា ១២៩៧។ លោកក៏មិនមែនជាអ្នកទីមួយ​ ហើយក៏មិន​មែន​ជាអ្នកតំណាងប្រទេសចិនចុងក្រោយដែលបានមកទស្សនកិច្ចកម្ពុជានោះទេ។ យ៉ាងណាមិញ ការ​ស្នាក់នៅរបស់គាត់គឺគួរឲ្យកត់សំគាល់ពីព្រោះតែ​​ជីវ-តាក្វាន់ ក្រោយមកទៀត​បានសរសេររបាយ​ការណ៍លំអិតអំពីការរស់នៅ នៅអង្គរ។ គំនូរពិពណ៌នារូបភាពរបស់​លោកគឺជាប្រភពមួយក្នុង​ចំ​ណោមប្រភពដ៏សំខាន់បំផុត​ពេលសព្វថ្ងៃនេះដើម្បីស្វែងយល់អំពីប្រវត្តិសាស្ត្រអង្គរ។ តាមរយៈការ​ពិពណ៌នា​អំពីមហាប្រាសាទធំៗជាច្រើន (បាយ័ន បាពួន អង្គរវត្ត ក្នុងនោះយើង​ត្រូវតែអរគុណ​ដល់​លោក​ចំពោះ​ព័ត៌មាន ​ថាប្រាង្គនៃបាយ័នក្នុងពេលនោះបានស្រោបដោយមាស) អត្ថបទនេះក៏ផ្ដល់​នូវព័ត៌មានដ៏មានតំលៃផងដែរ ចំពោះជីវភាពប្រចាំថ្ងៃ​និងទំលាប់នៃពួកអ្នកស្រុកអង្គរផងដែរ។
មានកំណត់ត្រាប្រវត្តិសាស្ត្រតិចតួចពីសម័យបន្តបន្ទាប់​ពីរជ្ជកាលព្រះបាទស្រេន្ទ្រវម៌្ម។ សិលា​ចា​រឹកដែលគេស្គាល់ចុងក្រោយលើស្ដម្ភមួយពីឆ្នាំ ១៣២៧។ គ្មានប្រាសាទ​ធំៗបន្ថែមទៀត​ទេត្រូវបាន​គេ​កសាង។ 
ការរុងរឿង

ពួកអ្នកប្រវត្តិវិទូសង្ស័យលើការជាប់ទាក់ទងជាមួយការកាន់ពុទ្ធសាសនាថេរវាទរបស់ព្រះរាជា៖ ដូច្នេះ ​ពួកព្រះរាជាទាំងនោះលែងរាប់អាន ទេវរាជទៀតហើយ ហើយគ្មានតំរូវឱ្យសង់ប្រាសាទធំ​ៗ​សំរាប់ព្រះរាជាទៀតទេ រឺក៏សំរាប់ទេវអង្គណាក្រោមការអភិរក្សរបស់ពួកទ្រង់​ដើម្បីឲ្យទេវៈ​ទាំងនោះ​ឈរជាតំណាងឡើយ។ ការដកចេញនូវគំនិតទេវរាជ ប្រហែលជា​មកពីការបាត់បង់អំណាច​អាជ្ញា​របស់ព្រះរាជា​និងក៏ដោយហេតុថាកង្វះពលករ។ គ្រឿងឧបករណ៍គ្រប់គ្រងទឹកក៏បានចុះអន់ថយ មានន័យថាទិន្នផលត្រូវបានធ្លាក់ចុះដោយសារទឹកជំនន់ រឺ គ្រោះរាំងស្ងួត។ កាលពីមុន​ទិន្នផល​ស្រូវ​បីដងក្នុងមួយឆ្នាំអាចទៅរួច— គឺជាការរួមចំណែកដ៏សំខាន់លើភាព​រុងរឿងនិងឥទ្ធិពលរបស់​កម្វុជ​ទេឝ - ផលស្រូវធ្លាក់ចុះបានបន្ថែមធ្វើឲ្យអាណាចក្រនេះចុះអន់ថយទៅៗ។
ប្រទេសជិតខាងនៅខាងលិចនៃអាណាចក្រ គឺនគរសៀមដំបូង សុខោទ័យ ក្រោយមកបានវាយ​រុញច្រាន​អនុត្តរភាពរបស់អង្គរ អាណាចក្រខ្មែរក៏ត្រូវបានសញ្ជ័យដោយនគរសៀមមួយទៀត នៅ​ភាគខាងក្រោមអាងទន្លេចៅព្រះយា គឺអយុធ្យានៅឆ្នាំ ១៣៥០។ ចាប់តាំងពីសតវត្សទី១៤មក អយុធ្យា​បានក្លាយជាសត្រូវនៃអង្គរ។ តាមរយៈរឿងរ៉ាវរបស់អង្គរ អយុធ្យាបានចាប់ផ្ដើម​ការវាយលុក​ជាច្រើនលើក។ ជាចុងក្រោយនិយាយរួមទៅ អង្គរត្រូវបានដាក់ជាប្រទេសចំណុះ។ កងទ័ពសៀមបាន​ដកថយទៅវិញបន្សល់ទុកអង្គរឱ្យគ្រប់គ្រង​ដោយពួកអភិជនក្នុងស្រុក ដែលមាន​ស្វាមីភ័ក្តទៅ​នឹង​អយុធ្យា។ រឿងរ៉ាវនៃសម័យអង្គរបានសាបរលាប​ពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រចាប់តាំងពីពេលនោះមក។
មានភស្តុតាងថាមរណៈងងឹត មានផលប៉ះពាល់លើស្ថានភាពដែលបានរៀបរាប់ខាងលើ គឺជំងឺ​បេស្ត៍លើកដំបូងបានលេចឡើង​នៅប្រទេសចិននៅប្រហែលឆ្នាំ ១៣៣០​ និងរាលដាល​ទៅដល់​អឺរ៉ុប​នៅក្បែរឆ្នាំ ១៣៤៥។ កំពង់ផែសមុទ្រភាគច្រើននៅ​ស្របនឹងខ្សែធ្វើដំណើរ​ពីចិនទៅអឺរ៉ុបបាន​ដួលរលំ​ដោយសារឥទ្ធិពលនៃជំងឺនេះ ក្នុងនោះមានការប៉ះពាល់​ដ៏ធ្ងន់ធ្ងរមួយលើការរស់នៅ​នៅអាស៊ីអាគ្នេយ៍​ទាំងមូល។
មជ្ឈមណ្ឌលថ្មីនៃនគរខ្មែរគឺនៅឯទិសនិរតី នៅឧត្តុង្គក្នុងតំបន់មួយនៅក្បែរភ្នំពេញសព្វថ្ងៃនេះ។ យ៉ាងណាមិញ មានការបង្ហាញថាអង្គរមិនត្រូវបានគេបោះបង់ចោលទាំងស្រុងនោះទេ។ ខ្សែស្រឡាយ​ស្ដេចខ្មែរប្រហែលជានៅទីនោះ រីឯខ្សែទី២បានរើទៅភ្នំពេញដើម្បីបង្កើតនគរមួយស្របពេលគ្នា។ ការធ្លាក់អង្គរចុងក្រោយ ប្រហែលជាក្រោយមកដោយសារតែបន្ទេរនៃសេដ្ឋកិច្ច - ហើយនិង​ភាពចាំ​បាច់​នៃនយោបាយ ពេលនោះភ្នំពេញបាន ប្រែក្លាយជាមជ្ឈមណ្ឌល​ពាណិជ្ជកម្មដ៏សំខាន់​មួយនៅតាម​ដងទន្លេមេគង្គ។ គំរោងសំណង់ចំណាយខ្ពស់និងជំលោះដណ្ដើមអំណាច​រវាងព្រះញាតិវង្ស​បានបិទ​បញ្ចប់​​សម័យអាណាចក្រខ្មែរ
ការស្រុតចុះខាងបរិស្ថានវិទ្យា និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ​គឺជាចំលើយផ្សេងថ្មីមួយទៀត​ឆ្លើយតបទៅនឹងទីបញ្ចប់នៃអាណាចក្រខ្មែរ។ ពួកអ្នកវិទ្យាសាស្ត្រដែលកំពុងធ្វើការលើ គំរោងមហា​អង្គរមានជំនឿថាខ្មែរមានប្រព័ន្ទផ្ទុកទឹក​និងប្រឡាយយ៉ាងល្អិតល្អន់ប្រើប្រាស់សំរាប់ពាណិជ្ជកម្ម ការ​ធ្វើដំណើរនិងការបញ្ចេញបញ្ចូលទឹក។ ប្រឡាយប្រើសំរាប់ការដាំដុះស្រូវ។ ដោយសារអត្រាប្រជាជន​បាន​កើន​ឡើង ការទាញយកទឹកប្រើប្រាស់កាន់តែច្រើនពីប្រព័ន្ធធារាសាស្ត្រនេះ។ ការចុះអន់ថយទាំង​ប៉ុន្មានរួមផ្សំដោយសារកង្វះទឹកនិងទឹកជំនន់។ ដើម្បីសំរបតាមកំណើនប្រជាជនកំពុងតែកើនឡើង ព្រៃឈើត្រូវបានកាប់ពីភ្នំគូលែន​និងឆ្ការចេញដើម្បីបង្កើនផ្ទៃដីស្រែបន្ថែមទៀត។ ហេតុនឹងហើយ​បាន​ធ្វើឱ្យមានចំរោះទឹកភ្លៀងនាំទៅដល់អវសាននៃប្រព័ន្ធបង្ហូរទឹក។ ការបំផ្លាញណា​មួយទៅដល់​ប្រព័ន្ធ​ធារាសាស្ត្រប្រហែលជាបានបន្សល់ទុកនូវផលវិបាកដ៏ធំធេង។ 
ក្នុងព្រឹត្តិការណ៍នីមួយៗ ​មានភស្តុតាងអំពីសម័យកាល​ក្រោយមកទៀតអំពីការប្រាស្រ័យ​ទាក់ទង​នឹងរមណីយស្ថានអង្គរ។ ក្រោមរបបនៃព្រះបាទស្រីសុរិយោពណ៌ទី២ (ព្រះញាយ៉ាត) ទ្រង់បាន​ស្នងរាជ្យ​ជា​បណ្ដោះអាសន្នដើម្បីរុញច្រានពួកសៀមឱ្យចាកចេញ ព្រះរាជវាំងក៏ត្រូវបាន​រើត្រលប់ទៅអង្គរ​វិញ​មួយ​រយៈ​កាលខ្លី។ ចាប់ពីសតវត្សទី១៧មក មានសិលាចារឹកខ្លះដែរ ផ្ដល់សក្ខីកម្ម​អំពីការតាំងលំ​នៅ​របស់​ជនជាតិជប៉ុន​ស្របពេលនោះ ក៏មានខ្មែររស់នៅទីនោះដែរ។ រឿងនិទានល្បី​បំផុតរបស់​យូកុន​ដាភ្វូ-កាហ៊្សូភ្វូសាក ដែលលោកជាអ្នកបានចូលរួមបុណ្យចូលឆ្នាំខ្មែរនៅទីនោះនៅឆ្នាំ ១៦៣២។
អរិយធម៌ខ្មែរសម័យអង្គរ
នៅសម័យអង្គរខ្មែរមានឈ្មោះថាជាមហាអំណាចមួយនៅអាស៊ីអាគ្នេយ៍។ ដូច្នេះហើយ អរិយ ធម៌ ខ្មែរបានឡើងដល់កំរិតកំពូលនៅសតវត្សទី៩ដល់ទី១៣។ ភាពរុងរឿង នេះគេអាច សំគាល់ដោយ ផ្ទៃដីធំ ទូលាយ លាតសន្ធឹងសឹងទាំងអស់នៃផ្ទៃដីឥណ្ឌូចិនទាំងមូល​ដោយប្រាសាទសិលាមាន ចំនួន ច្រើនរាប់ពាន់ប្រកប​ដោយក្បាច់រចនាគួរអោយកោតស្ញប់ស្ញែង​ផ្ទាំងសិលាចារឹកច្រើនសន្ធឹកសន្ធាប់ មានទាំងភាសាសំស្ក្រឹត និង​ខ្មែរបុរាណឬជួនកាលមានភាសាទាំងពីរលាយចំរុះគ្នា​ដោយរូប បដិមា គ្រប់ ប្រភេទ និងបុរាណវត្ថុផ្សេងៗទៀត និងជាពិសេសដោយបរិក្ខាសង្ខរណ ដែលមានសេសសល់ រហូតមកដល់សព្វថ្ងៃដូចជា បារាយណ៍ ទំនប់ទឹក បណ្ដាញជលគតិ ផ្លូវថ្នល់ ស្ពាន។ល។ ប៉ុន្តែចាប់ ពីពាក់កណ្ដាលទី១នៃស.វទី១៣ ទៅការចុះដុនដាបក៏ចាប់មានបន្តិចម្ដងៗ​រហូតដល់ត្រូវ បោះបង់ រាជធានីអង្គរចោលនៅសតវត្សទី១៥ ដោយព្រះបាទស្រីសុរិយោពណ៌ទី២ (ពញាយ៉ាត)។ តទៅនេះ យើងសាកល្បង បង្ហាញរូបភាព (តាមដែលអាចធ្វើបាន) នៃសង្គមខ្មែរក្នុងសម័យដ៏រុងរឿងនោះ។
នយោបាយ និង រដ្ឋបាល
ព្រះរាជា​និងអំណាច
ដោយការប្រារព្ធធ្វើពិធីទេវរាជ ព្រះរាជាត្រូវមានឋានៈស្មើអាទិទេពរាជធានីរបស់ព្រះអង្គជា​តំណាងនៃចក្កវាឡទាំងមូល: ប្រាសាទភ្នំនៅកណ្ដាលក្រុងជា​និមិត្តរូបភ្នំព្រះសុមេរុ​ដែលគេចាត់ទុក​ថាជាស្នូលនៃចក្រវាល កំពែងនិងគូទឹកជានិមិត្តរូបជួរភ្នំនិងសមុទ្រដែលព័ទ្ធជុំវិញភ្នំព្រះសុមេរុ។ ប្រា​សាទភ្នំសំរាប់តំកល់លិង្គទេវរាជ អាចប្រើបានសំរាប់តែព្រះរាជាមួយអង្គប៉ុណ្ណោះ លុះព្រះអង្គសោយ​ទិវង្គតទៅប្រា​សាទ​នោះនឹងក្លាយជាផ្នូររបស់ព្រះអង្គ។ លោកជីវ-តាក្វាន់ (ចូវ-តាគ័ន) ដែលបាន​មកទស្សនាប្រទេសខ្មែរ​នៅចុងសតវត្សទី១៣បានធ្វើការពិពណ៌នាពីការយាងចេញរបស់ព្រះរាជា ដែលគួរឲ្យយើងចាប់អារម្មណ៍យ៉ាងខ្លាំង។ នៅមុខក្បួនដង្ហែ​មានពួកទាហាន​បន្ទាប់មកមាន​អ្នក​កាន់ទង់ជ័យនិងអ្នកភ្លេង។ បន្ទាប់មកទៀត គឺពួកស្រីៗដែលមានគ្នាពីបីរយទៅប្រាំរយនាក់ មាន​សំលៀកបំពាក់ប្រកបដោយកំណាត់មានភ្ញីស្លឹកឈើមានផ្កាសៀតក្នុងផ្នួងសក់ដៃកាន់ទៀនដែល​នៅពេលថ្ងៃក៏ត្រូវ​អោយឆេះដែរ។ តមកទៀតមានស្រីៗមួយពួកផ្សេងទៀតកាន់គ្រឿងប្រដាប់​ស្ដេច​ធ្វើពីមាសនិងប្រាក់់និងគ្រឿងលំអទាំងអស់សុទ្ធសឹងតែជារបស់ប្លែកៗ។ តពីនោះមាន​ស្រីៗមួយពួក​ទៀតដែលជារាជអង្គរក្សដើរកាន់លំពែង និង ខែល។ តមកទៀតគឺរទេះពពែ រទេះសេះដែល​សុទ្ធសឹង​តុបតែងដោយគ្រឿងមាស។ ពួកក្សត្រ និងពួកនាម៉ឺនសព្វ​មុខមន្ត្រីសុទ្ធតែជិះដំរីដែលគេ​មើលពីចំ​ងាយ​មកឃើញ​តែក្លស់ពណ៌ក្រហមច្រើនសន្ធឹកសន្ធាប់។ បន្ទាប់ពីពួកនេះ គឺមហេសីនិង​ស្នំរបស់ព្រះ​រាជា​ដែលជិះគ្រែស្នែង រទេះសេះ និង ដំរី ហើយមានក្លស់ជាងមួយរយលាបទឹកមាស។ ចុងក្រោយបង្អស់​គឺព្រះរាជាដែលគង់ឈរលើដំរីហើយទ្រង់កាន់ព្រះខ័ឌ្គភ្លុកដំរីនេះសុទ្ធសឹងតែស្រោបមាសដែរ។ ឯ​ក្លស់​បាំងព្រះរាជាមានជាងម្ភៃ ជាក្លស់សចំរុះពណ៌មាស ហើយមានដងក៏ស្រោបមាសទៀត។ មានដំរីដទៃ​ទៀត​ជាច្រើនដើរអមដំណើរព្រះអង្គ ហើយមានទាហានដទៃទៀតតាមការពារព្រះអង្គ។ ជនណាដែល​ឃើញព្រះរាជាហើយត្រូវតែលុតជង្គង់ហើយអោនក្បាលដល់ដី។
ដោយលទ្ធិទេវរាជ​អំណាច​របស់ព្រះរាជាមានប្រភពចេញមកពីអាទិទេព។ ព្រះអង្គមាន​អំណាច​លើ​ដីធ្លីទាំងអស់ :ការលក់ ការប្ដូរ ឬ ការធ្វើអំណោយដី ត្រូវតែមានសេចក្ដីយល់ព្រមពីព្រះអង្គទើប​បាន​។​ ព្រះរាជាមានអំណាចទូលំទូលាយណាស់ : ព្រះអង្គជាអ្នកធ្វើច្បាប់ ជាអ្នកជ្រើសរើសមន្ត្រី​ជាន់ខ្ពស់ជា​អគ្គបញ្ជាការនៃកងទ័ព ជាអ្នកកាន់កាប់នយោបាយក្រៅប្រទេស (ពួករាជទូតបរទេសត្រូវមកបង្គំ​គាល់ចំពោះព្រះអង្គ) ជាអ្នកកាត់សេចក្ដី (ប្រសិនបើរាស្ត្រណាចង់) ជាមេសាសនា (តែងតាំងពួក​បព្វជិតជាន់ខ្ពស់និងធ្វើអធិបតីក្នុងពិធីសាសនាផ្សេងៗ) ជាអ្នកការពារប្រទេសមិនអោយសត្រូវ​យា​យី​ពីខាងក្រៅនិងរ៉ាប់រងអោយមានសន្តិភាពនៅខាងក្នុង។ គួរកត់សំគាល់ថាព្រះរាជា​មិនគ្រាន់តែ​មាន​នាមថា ជាអគ្គបញ្ជាការតែប៉ុណ្ណោះទេ ប៉ុន្តែព្រះអង្គជាមេទ័ពដឹកនាំទ័ពចេញទៅប្រយុទ្ធ​ជាមួយ​សត្រូវនៅក្នុងសមរភូមិតែម្ដង។ អត្ថបទសិលាចារឹកជាច្រើន​បានកោតសរសើរចំពោះ​គុណសម្បត្តិយោធារបស់ព្រះរាជាថា សុទ្ធសឹងតែមានតេជៈដៃខ្លាំងពូកែមានជ័យជំនះលើសត្រូវជានិច្ច។ នេះជា​តំរាប់ល្អមួយសំរាប់ពលទាហានដែលកាន់​តែមានចិត្តក្លាហានក្នុងការប្រយុទ្ធការពារទឹកដីក្ដី ក្នុង​ចំបាំងវាតអំណាចវាតទឹកដីតាមលទ្ធិទេវរាជក្ដី។ រូបចំលាក់លើជញ្ជាំងប្រាសាទ (អង្គរវត្តនិងបាយ័ន) បានបង្ហាញអោយឃើញថាទ័ពខ្មែរជំនាន់នោះមាន ពលថ្មើរជើង ពលសេះ ពលដំរី និង ពលជើងទឹក និងបង្ហាញអោយឃើញថាមានពលសំរាប់ផ្ដល់ស្បៀងថែមទៀតផង។ ម្យ៉ាងទៀត​បើតាមរូប​ចំលាក់​ដដែល​នោះឃើញថាទ័ពខ្មែរសម័យនោះច្បាស់​ជាមានរបៀបរៀបរយនិងវិន័យថ្លៃថ្នូរណាស់។ សិលា​ចារឹកវិញបានបញ្ជាក់​ថាការបះបោរទាំងឡាយត្រូវបានបង្ក្រាបយ៉ាងតឹងរឹង​ជាទីបំផុត ឯទាហាន​ដែលមានគុណបំណាច់ចំពោះជាតិត្រូវបានលើកតំកើងជាអតិបរមា (ករណីសញ្ជកទាំង៤របស់​ស្រីន្ទកុមារ បុត្រជយវម៌្មទី៨) ដោយមានការកសាងរូបបដិមា និងប្រាសាទសំរាប់រំលឹកគុណ។ ការ​ដែលបង្ហាញអោយឃើញថា ព្រះរាជាសម័យអង្គរមានអំណាចទូលំទូលាយនោះ ពុំមែនមានន័យ​ថា​ព្រះអង្គជាអ្នកកាន់អំណាចផ្ដាច់ការទេ ព្រោះព្រះអង្គត្រូវគោរពវិន័យវណ្ណៈក្សត្រិយ៍ គោរព​សិក្ខាបទ​សាសនា បានសេចក្ដីថាព្រះអង្គត្រូវប្រកបដោយទសពិធរាជធម៌សិលាចារឹកព្រះគោ ស្លោកទី៣បាននិយាយពីព្រះបាទឥន្ទ្រវម៌្មទី១ថា: ស្រីឥន្ទ្រវម៌្មធ្វើអោយប្រជារាស្ត្រសម្បូណ៌សប្បាយ​ដោយ​ការ​ប្រតិបត្តិនូវវិន័យទាំង ៣ ប្រការ។ ចំពោះប្រជារាស្ត្រ ព្រះរាជាតែងមានព្រះហឬទ័យអាណិតមេត្តា​និងប្រកបដោយយុត្តិធម៌ជានិច្ច។ ព្រះបាទជយវម៌្មទី៨ទ្រង់បានខិតខំធ្វើឱ្យបានសំរេចឧត្តមគតិនេះ​ដោយបានទទួលឥទ្ធិពលយ៉ាងខ្លាំងពីព្រះពុទ្ធសាសនា។ សិលាចារឹក​មន្ទីរពេទ្យ​របស់ព្រះអង្គ​បាន​ចែង​ថា: ជំងឺរបស់ប្រជារាស្ត្រធ្វើអោយព្រះអង្គឈឺចាប់ជាង​ជំងឺផ្ទាល់ព្រះអង្គទៅទៀត ព្រោះថាគឺសេចក្ដី​ឈឺ​ចាប់សាធារណៈនេះ​ហើយជាសេចក្ដីឈឺចាប់របស់ព្រះរាជាទាំងឡាយ ពុំមែនសេចក្ដីឈឺ​ចាប់ផ្ទាល់​ទេ​ដែល​ធ្វើអោយព្រះអង្គឈឺចាប់
ការបន្តរាជសម្បត្តិ
បើតាមគោលការណ៍ បុត្រច្បងអាចឡើងសោយរាជ្យស្នងព្រះបិតា ប៉ុន្តែបើគ្មានបុត្រទេញា​តិណា​ម្នាក់អាចឡើង​សោយរាជ្យបាន។ ចំពោះការបន្តរាជសម្បត្តិនេះ មានមតិពីរផ្ទុយគ្នា : អ្នកខ្លះយល់​ថា​មានតែញាតិជាប់ខ្សែខាងស្រីទៅនឹង​ព្រះរាជាទើបអាចឡើងស្នងរាជ្យបាន អ្នកខ្លះទៀតយល់​ផ្ទុយទៅ​វិញ ប៉ុន្តែបានបញ្ជាក់ថាទាល់តែជាប់ញាតិខ្សែខាងស្រីជាមួយស្ដេចមុន ឬ ត្រូវយកក្សត្រីស្ត្រីណាមួយ​ក្នុង​គ្រួសារស្ដេចមុន ទើបអាចទទួលរាជសម្បត្តិបាន។ ក្នុងករណីដែលព្រះរាជា​ទទួលរាជសម្បត្តិហើយ​នៅ​តែក្មេងពេក នោះកិច្ចការរដ្ឋត្រូវបានព្រះរាជគ្រូជាអ្នកទទួលខុសត្រូវ។

     រដ្ឋបាល

     រដ្ឋបាលកណ្ដាល
ការគ្រប់គ្រងរដ្ឋត្រូវស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អភិជនមួយក្រុមតូច។ តំណែងធំៗត្រូវ​បាន​ទៅ​រាជវង្សានុវង្ស ឯតំណែងជាបុរោហិត អ្នកប្រារព្ធពិធីនៃទេវរាជ ព្រះរាជគ្រូ​ត្រូវបានទៅ​សមាជិក​ត្រកូល​ព្រាហ្មណ៍ខ្លះដែលនិយមការបន្តតំណែងដោយរាប់ញាតិ​តាមខ្សែស្រី។ វណ្ណៈក្សត្រិយ៍​និងវណ្ណៈព្រាហ្មណ៍​ជា​វណ្ណៈខ្ពស់ស្ថិតដាច់ពីវណ្ណៈរាស្ត្រទូទៅគឺជាវណ្ណៈបញ្ញវន្តនិងជាតំណាង​អរិយធម៌ឥណ្ឌា។ វណ្ណៈកំពូល​ទាំង​ពីរ​នេះច្រើនចងសម្ព័ន្ធមេត្រីជាមួយគ្នា។ ព្រះរាជាទ្រង់ប្រទានសវនការពីរដងក្នុងមួយថ្ងៃ សំរាប់ដោះ​ស្រាយ​​កិច្ចការរដ្ឋ។ ពួកនាម៉ឺនឬពួកប្រជារាស្ត្រ​ដែលមានការចូលមកបង្គំគាល់ត្រូវរង់​ចាំព្រះអង្គដោយ​អង្គុយផ្ទាល់ដី។ ពេលដែលព្រះអង្គយាងមក​ដល់ទាំងមន្ត្រីទាំងប្រជារាស្ត្រត្រូវលើកដៃប្រណម្យ​ហើយ​អោន​ក្បាលដល់ដី។ នៅក្នុងរដ្ឋបាលកណ្ដាល គេឃើញមានមន្ត្រីច្រើន មន្ត្រីជាន់ខ្ពស់ខ្លះ​មានមុខងារ​ជា​ទីប្រឹក្សាខ្លះទៀតទទួលបន្ទុកធំៗ​នៅក្នុងវាំងឬកាន់ទ័ពនិងឈរត្រួតនៅតាម ខេត្ត ខណ្ឌ ឯមន្ត្រី​ជាន់​ទាបត្រូវបានជ្រើសរើសដោយមន្ត្រីជាន់ខ្ពស់​ហើយមាននាទីនៅបំរើពួកនេះ។ សញ្ញាសក្ដិគេ​សំ​គាល់​ដោយប្រភេទគ្រែស្នែង (មាសឬប្រាក់) និងចំនួនក្លស់ (ដងមាសឬដងប្រាក់)។
     រដ្ឋបាលភូមិភាគ
នៅក្នុងរដ្ឋបាលភូមិភាគ គេឃើញមានមន្ត្រីច្រើនជាន់ច្រើនថ្នាក់ទៀតគឺមានតាំងពីអធិការ (អា​ជ្ញាហ្លួង?) ចៅហ្វាយខេត្ត មេស្រុក មេភូមិ មេឃ្លាំង មេខ្នង (?) មេត្រួត (មេការ?)។ល។ ស្ត្រីក៏មាន​មុខ​ងារ​សំខាន់ណាស់ដែរ: ខ្លះធ្វើជាហោរា ខ្លះទៀតធ្វើជាចៅក្រមក្នុងរាជវាំង។ ចំពោះការធ្វើ​សច្ចាប្រណិ​ធាន​របស់មន្ត្រី ថាស្មោះត្រង់ចំពោះព្រះមហាក្សត្រនោះ គេមិនដឹងថានេះជា​វិធានការទូទៅឬគ្រាន់តែ​ជាមធ្យោបាយសំរាប់ចងភ្ជាប់មន្ត្រីទៅនឹងព្រះរាជា​កាលណាឡើង​សោយរាជ្យមិនស្របច្បាប់?
វប្បធម៌ និង សង្គម

គេអាចដឹងអំពីខ្មែរបុរាណតាមរយៈសិលាចារឹកជាច្រើន និងកំណត់ត្រារបស់ ជីវ-តាក្វាន់។ ខ្មែរ​បុរាណ​ពឹងផ្អែកយ៉ាងខ្លាំងទៅលើ​កសិកម្មដាំស្រូវ។ ប្រជាកសិករដាំដុះស្រូវនៅតាមដងបឹងទន្លេសាប​និងនៅតាមទីទួលនានា​ពេលដែលមានទឹកជំនន់។ ស្រែចំការ​ស្រោចស្រពដោយទឹកបានពីបារាយណ៍អាងស្ដុកទឹកធំៗ​និងអូរប្រឡាយផងដែរ។ នៅតាមភូមិមានដាំដើមត្នោត ដើមឈើហូបផ្លែ និង​បន្លែ​បង្ការផងដែរ។ ត្រីជាប្រភពប្រូតេអ៊ីនចំបងគេ។ ប្រជាជនកែច្នៃ​ត្រីជាប្រហុកអាំង ដុត ចំហុយត្រី​ដោយខ្ចប់នឹងស្លឹកចេក។ ស្រូវអង្ករ ជាប្រភពអាហារចំបងផងដែរ។ គេចិញ្ចឹមគោក្របី ជ្រូក មាន់ទា​នៅក្រោមផ្ទះ ព្រោះផ្ទះគេច្រើនសង់ជាជើងសសរខ្ពស់ៗដើម្បីការពារទឹកជំនន់។ ផ្ទះរបស់កសិករ​សង់​នៅក្បែរវាលស្រែ​តាមជាយក្រុង ជញ្ជាំងផ្ទះធ្វើពីឫស្សីត្បាញ ដំបូលប្រក់ស្បូវ និងមានជើងសសរ។ ផ្ទះ​ត្រូវបានចែកជា ៣ ផ្នែក​ដោយជញ្ជាំងឬស្សីត្បាញ ដោយមួយផ្នែកជាបន្ទប់​ឪពុកម្ដាយ មួយផ្នែក​ជា​បន្ទប់កូនស្រី និងមួយផ្នែកធំជាងគេ​ជាបន្ទប់ទទួលភ្ញៀវ។ កូនប្រុសគ្មានបន្ទប់ផ្ទាល់ខ្លួនទេ ហេតុ​នេះគេ​ត្រូវ​ដេកនៅកន្លែងណាដែលខ្លួនរកបាន។ ផ្ទះបាយស្ថិតនៅផ្នែកខាងក្រោយផ្ទះឬក៏នៅ​ក្នុង​បន្ទប់មួយដាច់ដោយឡែក។ ព្រះមហាក្សត្រនិង​ពួកអភិជន​រស់នៅក្នុងវាំង​និងគេហដ្ឋានធំៗ​នៅ​ទី​ក្រុងវាំង​ឬគេហដ្ឋាន​ទាំងនោះ​ធ្វើ​ឡើង​ពីសារធាតុ​ដូចគ្នានឹង​ផ្ទះប្រជាជន​សាមញ្ញដែរ តែខុសត្រង់ថា​គេប្រើក្បឿងធ្វើអំពីឈើ និងមានលំអដោយក្បាច់ប្រណិតៗ ព្រមទាំង​មានបន្ទប់ច្រើន។ ប្រជារាស្ត្រ​សាមញ្ញស្លៀកសំពត់ដែលចុងខាងមុខត្រូវទាញនៅចន្លោះជើងទាំងពី​រនិងចងភ្ជាប់​ទៅក្រោយដោយ​ខ្សែក្រវាត់។ ពួកអភិជននិងព្រះមហាក្សត្រស្លៀកពាក់សាច់កំណាត់ល្អៗប្រណិតថ្លៃៗ។ ស្ត្រីៗពាក់​ចំរៀក​កំ​ណាត់​ដើម្បីដណ្ដប់ដើមទ្រូង​ រីឯស្ត្រីអភិជនមានកំណាត់វែង​ដែលគ្របដល់ស្មា។ បុរស និងស្ត្រី​បង់​ក្រមា។ សាសនាសំខាន់គឺព្រហ្មញ្ញសាសនា បន្ទាប់មកសាសនាព្រះពុទ្ធក៏មានប្រជាប្រិយភាពដែរ។ ព្រះវិស្ណុ និង ព្រះសិវគឺជាពួកទេវៈដែលគេនិយម។
សាសនា និង លទ្ធិផ្សេងៗ
សាសនា
នៅសម័យអង្គរ សាសនាមានមុខងារយ៉ាងសំខាន់ក្នុងនយោបាយប៉ុន្តែសាសនា នៃវណ្ណៈអ្នក​ដឹក​នាំពុំដែលមានឯកភាពទេ គឺតែងតែផ្លាស់ប្ដូរទៅតាមចំណូលចិត្តរបស់បុគ្គលម្នាក់ៗ: ព្រះរាជាខ្លះកាន់​សាសនា​ឥសូរ ព្រះរាជាខ្លះកាន់សាសនាព្រះវិស្ណុ ព្រះរាជាខ្លះកាន់សាសនា​ព្រះព្រហ្មនិងខ្លះទៀត​កាន់ព្រះ​ពុទ្ធសាសនា។ ចំពោះហេតុការណ៍បែបនេះ លោកស៊ីលវែង-ឡឺវី ថាគឺកើតមក​ពីរចនាសម្ព័ន្ធនៃសង្គម​ខ្មែរតែម្ដង​។ យ៉ាង​ណាមិញ នៅសម័យនោះសាសនាត្រូវគេចាត់ទុកដូចទំនិញ​ដែលគេចាត់ទុកដូច​ទំនិញដែលគេនាំចូលឬជាវប្បធម៌​ថ្លៃថ្នូរសំរាប់តែព្រះរាជានិងពួកអភិជន ហើយមិនសូវជ្រួត​ជ្រាបចូល​ក្នុង​ស្រទាប់ទាបៗនៃ សង្គមដែលនៅតែថែរក្សាជំនឿលើអារក្សអ្នកតាជាដើម។ លោកជីវ-តាក្វាន់​កាល​មក​ស្រុក​ខ្មែរបានសង្កេតឃើញថាមានមនុស្សគោរពដុំថ្មដែលលោកប៉ូល-ប៉េលល្យ៉ូត ស្មានថា ជាលិង្គព្រះឥសូរតែតាមការពិតគឺថ្មអ្នកតានេះឯង។ ពីស.វ.ទី៩ដល់១១ គណៈសិវនិយម​មានឧត្តម​ភាព​លើគណៈឯទៀតៗ ព្រោះព្រះរាជាភាគច្រើនបានចាត់​ទុកថាជាសាសនាសំរាប់រដ្ឋដោយ​ការប្រារព្ធ​ធ្វើ​ពិធី​ទេវរាជ​ព្រះរាជាមាន​ឋានៈស្មើអាទិទេព (ព្រះឥសូរ) ហើយមានសិវលិង្គជាតំណាង​តំកល់ក្នុង​ប្រាសាទភ្នំ។ ​ប៉ុន្តែក្នុងរយៈពេលខាងលើនេះគេបានសង្កេតឃើញថា ព្រះរាជាទាំងឡាយតែងបានយក​ព្រះហឫទ័យ​ទុកដាក់ និងជួយឧបត្ថម្ភចំពោះសាសនាឯទៀតដែល​បានរួមរស់ជាមួយគ្នាយ៉ាង​សុខដុម​រមនា (Syncretisme religieux) ដែលមានសិលាចារឹកនិងរូបបដិមាអាចបញ្ជាក់បានយ៉ាងបរិបូណ៌​លើកលែងតែ​ក្នុងរជ្ជកាលរបស់ព្រះបាទឧទយាទិត្យវម៌្មទី២ដែលមានការបះបោរបីលើក ហើយ​ដែល​គេឃើញពួកបះបោរដើរវាយកំទេចសិវលិង្គនិងទេវបដិមាចោល។ នៅសតវត្សទី១២ គណៈវិស្ណុនិយម​ត្រូវ​បាន​​ព្រះបាទសូរ្យវម៌្មទី២ គោរពរាប់អានសំបើមដូចមានប្រាសាទអង្គរវត្តជាសក្ខីភាពស្រាប់។ អង្គរ​វត្តមានទ្រង់ទ្រាយជាប្រាសាទភ្នំដដែល ប៉ុន្តែគឺសំរាប់តំកល់វិស្ណុបដិមាទៅវិញរីឯក្បាច់រចនាក៏សុទ្ធ​តែ​ទៅតាមបែបវិស្ណុនិយម​ទាំងអស់ (រូបចំលាក់ រឿងរាមកេរ្តិ៍ រឿងមហាភារតៈ រឿងកូរសមុទ្រទឹកដោះ។ល។)។ ហេតុបានជាដូច្នេះ ព្រោះក្នុងពេល​ជាមួយគ្នានៅក្នុងប្រទេសឯទៀតក៏មាន​ការនិយមគោរព​ព្រះវិស្ណុនេះដូចគ្នាដែរ។ តពីនេះទៅ គេឃើញថាពុទ្ធសាសនាមហាយាន​ដែលបាននាំចូលមកតាំង​ពី​សម័យកម្វុជ (ស.វ.ទី៨) ហើយដែលបានព្រះបាទសូរ្យវម៌្មទី១កាន់ម្ដងរួចហើយ (ស.វ.ទី១១) ត្រូវបាន​ព្រះរាជាលើកតំកើងជាសាសនាសំរាប់រដ្ឋតែម្ដង ជាពិសេសក្នុងរជ្ជកាលរបស់ព្រះបាទជយវម៌្មទី៨។ ប្រាសាទបាយ័នដែលព្រះអង្គសាងឡើងនៅមានទ្រង់ទ្រាយជាប្រាសាទភ្នំ ហើយស្ថិតនៅ​កណ្ដាល​រាជ​ធានី​ដដែល តែរូបតំណាងព្រះរាជាគឺជាពុទ្ធបដិមាទៅវិញ (ពុទ្ធរាជ)។ ហេតុអ្វីបានជាមាន​ការប្រែប្រួល​យ៉ាងនេះ? ត្រង់នេះគួរគប្បីជ្រាបថា ការវាយយកបានក្រុងអង្គរដោយទ័ពចាមនៅគ.ស ១១៧៧ ហើយជាលើកទី១ផងនោះជាអន្លូងមួយយ៉ាងធ្ងន់វាយទៅលើលទ្ធិទេវរាជ។ ប្រជារាស្ត្រ​ទំនងជាចង់​លែង​ជឿ​ទៅលើប្រសិទ្ធភាពនៃលទ្ធិនេះទៀតហើយ ក៏ប៉ុន្តែពួកព្រាហ្មណ៍ជាបរិវារនៅមានឥទ្ធិពលខ្លាំង​ក្លា​ណាស់​នៅឡើយ ទើបព្រះបាទជយវម៌្មទី៨ទ្រង់​ឈ្វេងយល់ថាត្រូវតែរក្សាទុករបស់ចាស់ខ្លះ (មិនអាចកំ​ចាត់​ចោលភ្លាមៗបានទេ) ហើយយករបស់ថ្មីខ្លះមក​ប្រើដើម្បីអោយមានសង្ឃឹមដល់​ប្រជារាស្ត្រដោយ​ផ្សំ​ធាតុសិវនិយមខ្លះ (ប្រាសាទភ្នំ) និងពុទ្ធនិយមខ្លះ (ពុទ្ធរាជ)។ ដូច្នេះយើងឃើញ​ថាពុទ្ធសាសនា​មហា​យាន​បាន​មក​ដល់ទាន់ពេលវេលា ដើម្បីស្រោចស្រង់ជាតិអោយមានពន្លឺឡើងវិញក្រោយព្រឹត្តិការណ៍ឆ្នាំ ១១៧៧។ ដែលព្រះបាទជយវម៌្មទី៨ ហ៊ានយកលទ្ធិនេះមកប្រើព្រោះ​ពេលនោះពុទ្ធសាសនិក​ក៏មានកាន់​តែ​​ច្រើន​ណាស់ហើយ ហើយម្យ៉ាងទៀតលទ្ធិនេះជាលទ្ធិបែបមនុស្សនិយម មានទំនោរ​ទោរទៅរកជីវ​ភាព​​ប្រជារាស្ត្រទូទៅដូច រូបចំលាក់នៅលើជញ្ជាំងប្រាសាទបាយ័នជាសក្ខីភាពស្រាប់ ហើយដើម្បី​បង្ហាញ​អោយឃើញនូវព្រះហឫទ័យមេត្តាករុណាចំពោះប្រាជារាស្ត្រនេះ ព្រះអង្គទ្រង់​បានកសាង​មន្ទីពេទ្យ ១០២ សំរាប់ជនទាំង៤វណ្ណៈចូលព្យាបាលជំងឺបានដូចៗគ្នា។ ទាំងនេះសអោយឃើញថា នៅ​ចំពោះប្រជារាស្ត្រលទ្ធិពុទ្ធសាសនាមហាយាន​មានសមត្ថភាពមិនចាញ់លទ្ធិទេវរាជទេ គឺមាន​សមត្ថ​ភាព​​ការពារស្រោចស្រង់និងបំរើរាស្ត្របានដូចគ្នា។ តែអកុសល ការផ្លាស់ប្ដូរសាសនា​នៅតែមានបន្ត​ទៅទៀត។ ព្រះបាទជយវម៌្មទី៩ត្រឡប់ទៅរកសិវនិយមវិញ​ដែលជាហេតុបណ្ដាល​អោយមានប្រតិកម្ម​យ៉ាងខ្លាំងក្លា​ពីពួកព្រាហ្មណ៍ប្រឆាំង​នឹងពុទ្ធសាសនារហូតដល់មានការវាយកំទេច ឬកោសលុប​ព្រះ​ពុទ្ធបដិមាចោល។ ស្ថានការណ៍បែបនេះទំនងជាមាន​សភាពរ៉ាំរ៉ៃរហូតដល់​បដិវត្តន៍នាយត្រសក់ផ្អែម​ដែលបានយក​ពុទ្ធសាសនាហីនយាន​មកជំនួសជាស្ថាពររហូតមកដល់សព្វថ្ងៃនេះ។
លទ្ធិបុគ្គលនិយម
ពីស.វ.ទី៩ ដល់ស.វ.ទី១២ គេឃើញមានការកសាងរូបបដិមាជាច្រើននៃទេវ-ទេវីឬ ពោធិសត្វ​ប៉ុន្តែ​រូបបដិមាទាំងនោះពុំមែនតំណាងទេវ-ទេវីឬពោធិសត្វចំៗទាំងអស់ទេ មួយភាគធំជាតំណាងព្រះរាជា រាជវង្សានុវង្ស រាជគ្រូឬជនដែលមានគុណចំពោះជាតិដែលគេលើកតំកើងអោយមានឋានៈស្មើទេវ-ទេវី​ ឬ ពោធិសត្វ។ ឈ្មោះនៃរូបបដិមាទាំងនោះសុទ្ធតែកើតឡើង​ដោយការផ្សំនាមផ្ទាល់នៃ​បុគ្គល​ដែល​គេគោរពជាមួយនឹងនាមទេវ-ទេវីឬពោធិសត្វ។ គួរគប្បីសង្កេតថា លទ្ធិបុគ្គលនិយម​នេះមាន​សភាពរុងរឿងយ៉ាងខ្លាំងនៅចុងស.វ.ទី១២។ យ៉ាងណាមិញ សិលាចារឹកភិមានកាស​បាននិយាយថា​ព្រះនាងជយទេវីទី២ អគ្គមហេសីរបស់ព្រះបាទ ជយវម៌្មទី៨ បានសាងនៅគ្រប់ទិសទីនូវ​រូបបដិមានៃ​ព្រះបិតា ​ព្រះមាតា បងប្អូនញាតិមិត្តដែលព្រះនាងបានស្គាល់ច្បាស់ឬគ្រាន់តែឮគេនិយាយប្រាប់។ ម្យ៉ាងទៀតក្រោយពីព្រះនាងចូលទិវង្គតទៅ បងស្រីរបស់ព្រះនាងនាមឥន្ទ្រទេវីទី២ បានសាងរូប​បដិមារបស់ព្រះនាងយ៉ាងច្រើន របស់ព្រះរាជានិងរបស់ព្រះនាងផ្ទាល់នៅពាសពេញទីក្រុង
សេដ្ឋកិច្ច និង សិល្បៈ
លទ្ធិទេវរាជបានផ្ដល់អោយព្រះរាជានូវឋានៈអាទិទេព ប៉ុន្តែអាទិទេពនេះ​មិនមែនស្ថិត​ដាច់ពី​មនុស្ស​លោកទេ ព្រះអង្គនៅជាមួយមនុស្ស​ហើយមានការមើលសុខទុក្ខរបស់ប្រជារាស្ត្រថែមទៀតផង។ ដូច្នេះដើម្បីបង្ហាញអោយឃើញថាព្រះអង្គ​មានមហិទ្ធិរឹទ្ធិខ្លាំងពូកែសមឋានៈជាអាទិទេពមែននោះ​ព្រះ​អង្គត្រូវខិតខំធ្វើយ៉ាងណាអោយប្រជារាស្ត្របានស្គាល់​នូវភាពសំបូរសប្បាយរុងរឿងយ៉ាងពិតប្រាកដ។ ដោយហេតុនោះ ព្រះអង្គត្រូវធ្វើយ៉ាងណាអោយកសិកម្មលូតលាស់ជាអតិបរិមា គឺត្រូវធ្វើអោយ​មាន​ទឹក​បរិបូរ​មិនបាច់ពឹងពាក់ទៅលើទឹកភ្លៀងទៀត ដោយការកសាងបារាយណ៍ធំៗដែលមាន​សល់ខ្លះ​រហូតមកដល់សព្វថ្ងៃនេះផង។ កិច្ចការនេះ រាស្ត្របានរួបរួមគ្នាបំពេញដោយស្មោះស្ម័គ្រជាទីបំផុត ព្រោះ​មានជំនឿយ៉ាងមាំទៅលើលទ្ធិទេវរាជ​ដែលមានប្រសិទ្ធភាពអាចធ្វើការបង្រួបបង្រួមជាតិផង រំដោះ​ប្រទេសជាតិ​អោយរួចផុតពីបរទេសផង។ បើតាមលោកជីវ-តាក្វាន់ (ចូវ-តាគ័ន) ខ្មែរនៅសម័យ​នោះ​អាច​ធ្វើស្រែបាន ៣ ទៅ ៤ ដងក្នុងមួយឆ្នាំ។ លោកហ្រង់រី-ស្ទៀរលីង អ្នកឯកទេសជាតិស៊្វីស​ម្នាក់បាន​គន់គូរឃើញថា នៅលើផ្ទៃដី ១០០០ គ.ម ក្រឡានៅតំបន់អង្គរ​គេអាចផលិតស្រូវ​បានក្នុងមួយ​ឆ្នាំប្រ​ហែល ១៥០​០០០ តោនដែលអាចចិញ្ចឹមប្រជាជនបានដល់ទៅ ៨០០០០០ នាក់ ហើយនៅសល់ ៤០% ទៀត​អាចនាំយកទៅផ្ដល់អោយតំបន់ផ្សេងទៀត។ គឺការចំរើនលូតលាស់ខាងសេដ្ឋកិច្ចនេះ​ហើយ​ដែល​​អនុញ្ញាតអោយប្រជារាស្ត្រចូលរួម​ក្នុងការកសាងប្រាសាទតាមតំរូវការរបស់លទ្ធិទាំងពីរ គឺ​លទ្ធិ​ទេវរាជនិងលទ្ធិបុគ្គលនិយម។ ដូច្នេះ ក្នុងស្ថាបត្យកម្មសម័យនោះ​គេសង្កេតឃើញមាន​ប្រាសាទពី​រ​បែប៖
  • ១.ប្រាសាទភ្នំជាប្រាសាទសង់លើខឿនច្រើនជាន់សំរាប់លទ្ធិទេវរាជ (បាគង បាខែង បក្សីចាំក្រុង ប្រាសាទធំ មេបុណ្យខាងកើត ប្រែរូប តាកែវ បាពួន អង្គរវត្ត បាយ័ន)។
  • ២.ប្រាសាទសង់ទាបនឹងដីជាប្រាសាទសំរាប់លទ្ធិបុគ្គលនិយម (ព្រះគោ លលៃ បន្ទាយឆ្មារ ព្រះខាន់ តាព្រហ្ម ។ល។)។ ម្យ៉ាងទៀតគេបានសង្កេតឃើញថាពីរាជមួយ​ទៅរាជមួយ​ទៀតប្រាសាទ​មាន​ទំហំ​កាន់​តែធំឡើង ហើយកាន់តែច្រើនឡើង។ ត្រង់នេះបង្ហាញអោយឃើញថា ព្រះរាជាអង្គរ​ហាក់ដូច​ជា​បានប្រណាំងប្រជែង​ក្នុងការលើកកិត្យានុភាពរបស់ព្រះអង្គ។ ចំពោះ​ប្រាសាទ​ដូចបានរៀប​រាប់​រួចមកហើយនេះ ពុំមែនមានត្រឹមតែការកសាងហើយចប់នោះទេ គឺប្រជារាស្ត្រ​មានការផ្គត់ផ្គង់​នូវ​គ្រឿងប្រដាប់ប្រើប្រាស់​និងដង្វាយផ្សេងៗនិងមានភារៈត្រូវទៅនៅបំរើ​និងថែរក្សាប្រាសាទ​ទាំង​នោះថែមទៀត។ ឧទាហរណ៍: ដូចជាប្រាសាទតាព្រហ្មកសាងឡើងនៅឆ្នាំ ១១៨៦ ដោយ​ព្រះ​បាទជយវម៌្មទី៨សំរាប់ឧទ្ទិសចំពោះវិញ្ញាណក្ខន្ធ​នៃព្រះមាតានិងព្រះគ្រូនិងបដិមារូបឯទៀតចំនួន ២៦០ មានភូមិចំណុះ ៣១៤០ ភូមិ (សំរាប់ផ្គត់ផ្គង់ប្រដាប់ប្រើប្រាស់ និងដង្វាយផ្សេងៗ) មាន​មនុស្សនៅចាំបំរើថែរក្សា ៧៩៣៦៥ នាក់ (ក្នុងចំណោមនេះមាន ១២៦៤០ នាក់ ស្ថិតនៅ​ក្នុង​បរិវេណ​ប្រាសាទជានិច្ច)។ គ្រឿងប្រដាប់ប្រើប្រាស់ជាដង្វាយមាន: ចានមាសទំងន់ជាង ៥ តោន ចានប្រាក់មួយទំងន់ដូចគ្នា ពេជ្រទាំងគ្រាប់ធំ ៣៥ គ្រាប់ ត្បូងមុក្ដារ ៤០៦២០ គ្រាប់ ត្បូង​យ៉ាង​ល្អ ៤៥៤០ គ្រាប់ ផ្តិលមាសធំមួយ រនាំងស្រុកចិន ៩៦៧ គ្រែធ្វើដោយសំពត់ល្អ ៥១២ ក្លស់ ៥២៣។ ចំពោះស្បៀងអាហារមាន: អង្ករ ស្ករ ទឹកដោះគោ ប្រេង ទឹកឃ្មុំ ក្រមួន ខ្លឹមចន្ទន៍ កប៌ូរ គ្រឿង​ចីវរ។​ នេះចំពោះប្រាសាទតែមួយផង ឃើញថាការប្រើប្រាស់កំលាំងមនុស្ស និងទ្រព្យសម្បត្តិអស់​យ៉ាង​សន្ធឹកសន្ធាប់ទៅហើយ ចុះបើខ្មែរយើងមានប្រាសាទដល់ទៅរាប់ពាន់​ តើតំរូវការទាំង​ខាង​កំលាំងមនុស្សទាំង​ខាងទ្រព្យសម្បត្តិមានដល់ប៉ុន្មាន? ចំពោះបញ្ហានេះប្រវត្តិវិទូ​ជាច្រើនបាន​ចាត់​ទុក​ថា ការកសាងប្រាសាទរួម និងចំបាំងដ៏វែងឆ្ងាយ (សូរ្យវម៌្មទី២វាយយួនផង ចាមផង មន​ផង) ជាកត្តាមួយនៃការធ្លាក់ចុះនៃអរិយធម៌អង្គរនេះឯង។
ទំនាក់ទំនងជាមួយមហាអំណាចតំបន់
កំឡុងពេលបង្កើតចក្រភពនេះ ខ្មែរបានបិទខ្ទប់ទំនាក់ទំនងវប្បធម៌ នយោបាយ និង ពាណិជ្ជ​កម្មជាមួយ ជ្វា[២៦] និងក្រោយមកជាមួយ​ចក្រភពស្រីវិជយ​ដែលតាំងនៅខាង​ក្រៅសមុទ្រ​ខ្មែរ​ខាងត្បូង។ ព្រះមហាក្សត្រខ្មែរបានបង្កើតទំនាក់ទំនងជាមួយរាជវង្សចោលរបស់ឥណ្ឌាខាងត្បូង[២៧] និងចិនផងដែរ។ ចក្រភពនេះក៏បាន​ជាប់ដៃនឹងសង្គ្រាមជាតំណគ្នា​និងរដ្ឋសត្រូវដោយមាននគរជិត​ខាង ចាម្ប៉ា តម្ព្រលិង្គ មហាវៀត សុខោទ័យ និង អយុធ្យា
ពួកស្មេរអារ៉ាប់នៅសតវត្សទី៩ និងទី១០ កំរវែកញែកអឺរ៉ុបក្រៅពីអ្វីដែល​ជាភាពអន់ថយរបស់អឺរ៉ុប​ណាស់ ប៉ុន្តែពួកគេក៏បានចាត់ទុកក្សត្រនៃអាល់ហិណ្ឌ (ឥណ្ឌា និង អាស៊ីអាគ្នេយ៍) ជាស្ដេចមួយ​អង្គ​ក្នុង​ចំណោមស្ដេចធំទាំងបួនក្នុងលោក។[២៨] ព្រះមហាក្សត្រនៃរាជវង្សរាឝ្ដ្រកូដ​ត្រូវបានពិពណ៌នា​ជាក្សត្រអាល់ហិណ្ឌធំបំផុត ប៉ុន្តែរាប់ទាំងក្សត្រតូចៗនៃអាល់ហិណ្ឌរួមមានពួកក្សត្រនៃ ជ្វា បាកាន និង ពួកក្សត្រខ្មែរនៅកម្វុជទេឝត្រូវបានពិពណ៌នាមិនឈប់​ឈរដោយពួកអារ៉ាប់​ថាជាក្សត្រប្រកប​ដោយមហាឫទ្ធានុភាព និង បំពាក់ដោយកងទ័ពមនុស្ស សេះ យ៉ាងក្រាស់ក្រែល និងដំរីរាប់ម៉ឺន។ ក្សត្រ​ទាំងអំបាលម៉ាននោះត្រូវបានស្គាល់ដោយសារតែមានភោគទ្រព្យជាមាស និង​ប្រាក់​យ៉ាង​ច្រើន​ក្រៃលែង។
ដកស្រង់ឯកសារចេញពី www.km.wikipedia.org
ចប់


















No comments:

Post a Comment